ដោយៈ ពៅនិមល / ភ្នំពេញៈ ដើម្បីឆ្លើយតបនឹងការលើកឡើង របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា បំពេញតម្រូវការក្នុងស្រុក លោកប្រធានសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា នឹងចូលរួមបង្កើនផលិតភាព ផលិតកម្មវារីវប្បកម្ម ឲ្យមានការរីកចំរើន តទៅមុខទៀត ទាំងបរិមាណ និងគុណភាព។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថាៈ ក្រោយបង្កើតសមាគម គិតចាប់ពីខែមិថុនា រហូតមកទល់ពេលនេះ សមាជិក មានចំនួនជាង ២០០ នាក់ ភាគច្រើន អ្នកចិញ្ចឹមត្រីទឹកសាប។
លោកបានបន្តថាៈ គោលបំណង នៃការបង្កើតសមាគមនេះឡើង ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ទីផ្សារវារីវប្បកម្ម និងផលិតផល ដែលពាក់ព័ន្ធប្រកបដោយនិរន្តរភាព តាមរយៈការពង្រឹង បច្ចេកវិទ្យា បង្កើនសម្លេងព័តមានទីផ្សារ និងសេវាកម្មពាក់ព័ន្ធ ដល់សមាជិកប្រកបដោយតម្លាភាព សមធម៌ និងក្រមសីលធម៌។
លោកបានបន្តថាៈ “ក្រោយបង្កើតសមាគម នេះមក យើងបានអំពាវនាវ ឱ្យវារីវប្បករ បានន័យថា អ្នកចិញ្ចឹមត្រី ពិតប្រាកដ មកចូលរួមជាសមាជិក ព្រោះថា ក្រោយក្លាយជាសមាជិក ពួកគាត់នឹងទទួលបាន ការបង្រៀនបន្ថែម ពីអ្នកជំនាញ ដើម្បីជំរុញដល់ការចិញ្ចឹម កាន់តែល្អប្រសើរថែមទៀត”។
ទាក់ទងនឹងការផ្គត់ផ្គង់ត្រី នៅក្នុងស្រុក លោកបានរៀបរាប់ថាៈ បើនិយាយចំពោះប្រភេទត្រីប្រា អាចឆ្លើយតបបាន គ្រប់តម្រូវការទាំងបរិមាណ និងគុណភាព ព្រោះការចិញ្ចឹម គឺស្របតាមស្តង់ដារ និងមានការណែនាំ យ៉ាងត្រឹមត្រូវ ពីមន្ត្រីជំនាញ។
លោកបន្តទៀតថាៈ ការចិញ្ចឹមត្រី និងវារីវប្បកម្ម នៅតែបន្តកើនឡើង បើទោះបីមានការជះឥទ្ធិពលមិនល្អ នៅក្នុងវិស័យជាច្រើនទៀត នៅកម្ពុជា ពីការរីករាលដាល នៃជំងឺកូវីដ ១៩ ក៏ដោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ សមាគមវារីវប្បករកម្ពុជា ឱ្យសហការគ្នា ក្នុងរង្វង់សមាគម បង្កើនផលិតភាព ផលិតកម្មចិញ្ចឹមត្រី គ្រប់ប្រភេទ ឈានទៅបង្កើនបរិមាណ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយ ការនាំចូល និងត្រូវរួមសហការគ្នា ឲ្យបានល្អប្រសើរ ជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្ម និងចូលរួមទប់ស្កាត់ បទល្មើសនាំចូល ផលវារីវប្បកម្ម ខុសច្បាប់ តាមគ្រប់រូបភាព៕/V
វារីវប្បករកម្ពុជា អះអាងថា នឹងផ្គត់ផ្គងត្រី ឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ ក្នុងស្រុក
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា