ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគាររបស់ សហភាពអឺរ៉ុប នឹងវិនិយោគ ជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោងកែលំអកសិកម្ម ដែលមានប្រព័ន្ធធារាសាស្ត្រ (IAIP) ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តមួយចំនួន នៅទូទាំងប្រទេសកម្ពុជា។ ប្រជាជនប្រមាណ ២០ ម៉ឺននាក់ នៅក្នុងខេត្តចំនួន៥ នឹងទទួលបានអត្ថប្រយោជន៍ ពីការគាំទ្រនេះ។ EIB នឹងសហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយភាពក្រីក្រ នៅតាមជនបទ និងរួមចំណែកដល់ ការអនុវត្តកសិកម្ម ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី១៥ ធ្នូនេះ បានឱ្យដឹងថាគម្រោងកែលំអកសិកម្ម ដែលមានប្រព័ន្ធធារាសាស្ត្រ នឹងធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រព័ន្ធធារាសាស្ត្រ បង្កើនភាពធន់ នៃកសិកម្មកម្ពុជា ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលវែង គម្រោងនេះ នឹងចូលរួមចំណែក ក្នុងការគ្រប់គ្រងធនធានទឹក ឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាព ផលិតកម្មកសិកម្ម ហើយជាលទ្ធផល នឹងជួយឱ្យមាន ការកាត់បន្ថយ ភាពក្រីក្រ នៅតាមជនបទ ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា បង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រង ទិន្នន័យធនធានទឹកជាតិ ដែលមានសារៈសំខាន់ ណាស់ ក្នុងរយៈពេលវែង សម្រាប់សមត្ថភាព របស់ប្រទេស ក្នុងការកាត់បន្ថយ ផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ទៅលើការផ្គត់ផ្គង់ទឹក និងកសិកម្ម។
លោក Christian Kettel Thomsen អនុប្រធាន EIB ដែលទទួលបន្ទុកប្រតិបត្តិការ នៅកម្ពុជា បានមានប្រសាសន៍ថាៈ “ថ្ងៃនេះ ធនាគារអឺរ៉ុប កំពុងវិនិយោគ លើអនាគតរីកចម្រើន ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព សម្រាប់ប្រជាជនកម្ពុជា។ រួមជាមួយដៃគូរបស់យើង មកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប យើងកំពុងចូលរួមចំណែកជាក់ស្តែង ក្នុងកំណើនសេដ្ឋកិច្ចរួម តាមរយៈកសិកម្ម និងបង្កើនភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ នៅក្នុងប្រទេស។ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់យើង នឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែរឹងមាំ មានសុវត្ថិភាព និងកាន់តែធន់ថែមទៀត នឹងផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុ។ គម្រោងនេះ ក៏នឹងជួយដោះស្រាយ សេចក្តីត្រូវការការស្តារឡើងវិញ ក្រោយវិបត្តិកូវីដ។ EIB ពិតជាមានមោទនភាពណាស់ ដែលត្រូវបានទទួលស្គាល់ថា ជាដៃគូដ៏រឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា”។
ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា Carmen Moreno បានមានប្រសាសន៍ថាៈ “ យើងសូមស្វាគមន៍ ចំពោះការបង្កើនការចូលរួម របស់ EIB នៅក្នុង ប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ថវិកា ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំទី៣ ក្នុងរយៈពេល មិនដល់ ពីរឆ្នាំផងនេះ។ គម្រោងនេះ នឹងជំរុញផលិតកម្មកសិកម្ម និងបង្កើនភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ហើយនឹងផ្តល់ឱ្យប្រទេស នូវបច្ចេកទេសសំខាន់ៗ និងមធ្យោបាយ ដើម្បីកែលម្អ ការគ្រប់គ្រង ទឹករបស់ខ្លួន។ ជាមួយនឹងគម្រោងថ្មីនេះ ក្រុមអឺរ៉ុប បន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញ នូវភាពបៃតង ក្រោយកូវីដ១៩ ក្នុងវិស័យសេដ្ឋកិច្ចចាំបាច់។ កសិកម្មប្រកបដោយចីរភាព និងភាពធន់ និងការគ្រប់គ្រងទឹក រួមបញ្ចូលគ្នា អាចជំរុញឱ្យមានការងើបឡើងវិញ នៃសេដ្ឋកិច្ច កាន់តែខ្លាំង សម្រាប់ប្រទេស និងការបង្កើតការងារថ្មី សម្រាប់ប្រជាជនរបស់ខ្លួន”។
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថាៈ “រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ ចំពោះការវិនិយោគ របស់ធនាគារវិនិយោគអឺរ៉ុប នៅក្នុងគម្រោងកែលំអកសិកម្ម ដែលមានប្រព័ន្ធធារាសាស្ត្រ ដែលជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការកែលម្អ ជីវភាពរស់នៅ និងផលិតកម្មកសិកម្ម នៅក្នុងប្រទេស។ គម្រោង IAIP ក៏នឹងអនុញ្ញាត ឱ្យប្រទេសកម្ពុជា សម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ និងកែលម្អវិធី ដែលយើងគ្រប់គ្រងទឹក របស់យើង សម្រាប់គោលបំណងកសិកម្ម និងការអនុវត្តកសិកម្ម។ គម្រោងនេះ គឺជាគំរូដ៏ល្អមួយ នៃរបៀបដែលដៃគូ ផ្សេងៗគ្នា អាចរួបរួមគ្នា លើចក្ខុវិស័យតែមួយ និងធ្វើការឆ្ពោះទៅរក ប្រទេសកម្ពុជា ដែលមានភាពធន់ និងរីកចម្រើន ជាងមុន»។
ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធធារាសាស្ត្រ និងធនធានទឹក នៅតាមជនបទ និងការណែនាំ អំពីការអនុវត្តកសិកម្ម ប្រកបដោយនិរន្តរភាព ក្រោមគម្រោង IAIP ក៏នឹងមានសារៈសំខាន់ផងដែរ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ ឆាប់រហ័ស ក្រោយវិបត្តិកូវីដ១៩។ គម្រោងនេះ នឹងចូលរួមចំណែកលើកកម្ពស់ សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រី នៅក្នុងសេដ្ឋកិច្ចជនបទ ដោយសារចំនួនអ្នកផលិត ស្ត្រីចូលរួម ក្នុងវិស័យកសិកម្ម ចិញ្ចឹមជីវិត។
សហហិរញ្ញប្បទាន ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរាជរដ្ឋាភិបាលកម្ពុជា អាយអេអាយភី គឺជាគម្រោងទី៣ គាំទ្រដោយធនាគារវិនិយោគអឺរ៉ុប នៅកម្ពុជា បន្ទាប់ពីការវិនិយោគ ៩១ លានអឺរ៉ូ លើគម្រោងផ្គត់ផ្គង់ទឹក បាក់ខែង (សហការជាមួយអេហ្វឌី AFD) និង ៥១,៥ លានអឺរ៉ូលើ កម្មវិធីទ្រទ្រង់ទីផ្សារកសិកម្ម ធុរកិច្ចនិងពាណិជ្ជកម្ម (SAAMBAT) (ក្នុងភាពជាដៃគូជាមួយ IFAD) ។ រហូតមកដល់បច្ចុប្បន្ន ធនាគារអឺរ៉ុប បានវិនិយោគ ២២២,៥ លានអឺរ៉ូ ក្នុងកំណើនសេដ្ឋកិច្ច និងសង្គមរបស់ ប្រទេសកម្ពុជា។
ធនាគារវិនិយោគអឺរ៉ុប បានគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព របស់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ធនាគារអឺរ៉ុប បានវិនិយោគ ២២២,៥ លានអឺរ៉ូ នៅក្នុងប្រទេស ដើម្បីកែលម្អលទ្ធភាព ទទួលបានទឹកស្អាតប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ និងការស្តារហេដ្ឋា រចនាសម្ព័ន្ធជនបទ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវគុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជា រាប់លាននាក់។ ធនាគារអឺរ៉ុប នឹងធ្វើការរួមគ្នា ជាមួយសហគមន៍អឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ដទៃទៀត នៅក្នុងប្រទេស៕/V
ធនាគារវិនិយោគអឺរ៉ុប នឹងវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូ សម្រាប់គម្រោងកែលំអកសិកម្ម នៅកម្ពុជា
ធនាគារវិនិយោគអឺរ៉ុប នឹងវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូ សម្រាប់គម្រោងកែលំអកសិកម្ម នៅកម្ពុជា