អបអរសាទរ ម្រេច​កំពត ទទួលបាន​ការចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ​ហើយ នៅ​បណ្តា​ប្រទេស​ចំនួន​៣២

ដោយ​: ពៅ​និមល / ភ្នំពេញ​: បន្ទាប់ពី​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” កាលពី​ខែតុលា​កន្លងទៅ​។ មកដល់ពេលនេះ កម្ពុជា​ទទួលបាន​ការ​ចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ នៅ​បណ្តា​ប្រទេស​ចំនួន​៣២​ហើយ ក្រោម​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ​ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន​អំពី​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។​

​នៅក្នុង​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ដឹកនាំ​ក្រសួង​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” ជា​លក្ខណៈ​អន្តរជាតិ តាំងពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​មក​ម្លេះ ហើយ​ចាប់ពីពេលនេះ​តទៅ “​ម្រេច​កំពត​” នឹង​ទទួលបាន​កិច្ចការពារ​ស្របច្បាប់ មិនឱ្យ​ភាគី​ទី​បី​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត និង​រំលោភបំពាន​នានា ចំពោះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​បណ្តា​ប្រទេស​ជា​ភាគី​ហត្ថលេខី​។

​ប្រភព​ដដែល​ឱ្យដឹងទៀតថា មុននឹង​ឈានដល់​ការចុះបញ្ជី​នេះ កាលពី​ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅកាន់​ប្រទេស​ស្វី​ស ដើម្បី​តម្កល់​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន​អំពី​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ដោយ​ច្បាប់​នេះ​បាន​ចូល​ជាធរ​មាននៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ការចូល​ជា​សមាជិក​របស់​ប្រទេស​កម្ពុជា​នេះ គឺជា​ការវិវឌ្ឍ​មួយ​ក្នុង​ការធ្វើសមាហរណកម្ម​កម្ពុជា​បន្ថែមទៀត ចូលទៅ​កាន់​ប្រព័ន្ធ​អន្តរជាតិ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​ធ្វើការ​ចុះបញ្ជី​ការពារ​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​ពាក្យស្នើសុំ​តែមួយ​នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។​

​ក្នុងចំណោម​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដទៃទៀត ក្រសួងពាណិជ្ជកម្ម​បាន​ជ្រើស​រើសយក “​ម្រេច​កំពត​” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​១ យកមក​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១០ ក្នុង​គោលបំណង​កសាង​កេរ្តិ៍ឈ្មោះ ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” នៅក្នុង​តំបន់ និង​អន្តរជាតិ ហើយ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ធ្វើការ​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” នៅ​ប្រទេស ថៃ វៀតណាម និង​នៅ​សហភាព​អឺរ៉ុប​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular