ដោយ: ឫទ្ធិសែន / ខេត្តពោធិ៍សាត់: អភិបាលនាំគណៈអភិបាលខេត្តពោធិសាត់ប្តេជ្ញាអភិវឌ្ឍគម្រោងសាងសង់រដ្ឋបាលប្រមូលផ្ដុំស្រុកតាលោសែន និងស្រុកភ្នំក្រវាញ នៅខេត្តពោធិ៍សាត់ ឲ្យក្លាយទៅជារដ្ឋបាលគំរូ។
លោកអភិបាលខេត្តពោធិសាត់មានប្រសាសន៍បែបនេះនៅក្នុងឱកាសដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុក ឃុំ ចុះពិនិត្យទីតាំងគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ លើផ្ទៃដីដីបម្រុងទុករបស់រដ្ឋ ប្រមាណជាង៧០ហិកតា ក្នុងភូមិសាស្ត្រឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ លើផ្ទៃដីប្រមាណជិត២០ហិកតា ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នៅថ្ងៃទី១៥ធ្នូ២០២០។
អភិបាលនៃគណៈអភិបាលខេត្តខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំ របស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺដើម្បីធ្វើជាគំរូមួយដ៏ល្អ សម្រាប់បណ្តាស្រុកដទៃទៀត ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលា ក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាព ចំណុះឱ្យរដ្ឋបាលស្រុកផងដែរ៕