ប្រែសម្រួលៈវាសនា៖ អភិបាលរងក្រុងកាប៊ុលម្នាក់និងជំនួយការរបស់លោកត្រូវបានសម្លាប់កាលពីថ្ងៃអង្គារទី១៥ធ្នូ ដោយសារការផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុល។
លោក ម៉ាបូប៊ូឡា ម៉ូហេប៊ី បានស្លាប់នៅពេលគ្រាប់បែកដែលគេចងភ្ជាប់នឹងរថយន្តរបស់លោកត្រូវបានចុចបំផ្ទុះក្នុងពេលលោកធ្វើដំណើរទៅកាន់ការិយាល័យរបស់លោក នេះបើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃ។
លេខារបស់លោក ដែលបានរួមដំណើរជាមួយ ក៏បានស្លាប់ និងអង្គរក្ស២នាក់រងរបួស។
អំពើហិង្សាបានកញ្ជ្រោលឡើងនៅទូទាំងប្រទេស ចាប់តាំងពីក្រុមតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាប់ផ្តើមធ្វើការពិភាក្សារកសន្តិភាពនៅប្រទេសកាតាកាលពីខែកញ្ញា។កិច្ចពិភាក្សានេះត្រូវផ្អាករហូតដល់ខែមករាឆ្នាំក្រោយ ហើយពួកអ្នកចរចារខាងរដ្ឋាភិបាលត្រូវវិលមកក្រុងកាប៊ុលវិញ។
អាហ្វហ្គានីស្ថាន ជាពិសេសក្រុងកាប៊ុល បានជួបឃាតកម្មលើបុគ្គលសំខាន់ៗ រួមមានអ្នកកាសែត បព្វជិត អ្នកនយោបាយនិងសកម្មជនសិទ្ធិមនុស្ស។កាលពីសប្តាហ៍មុនពិធីការនីទូរទស្សន៍ម្នាក់ត្រូវបានបាញ់សម្លាប់ នៅក្រុងចាឡាឡាបាត។
រដ្ឋធានីនេះបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត២លើកនៅខែនេះនិងកាលពេលថ្មីៗមានការវាយប្រហារលើមជ្ឈមណ្ឌលអប់រំ រួមមានការសម្លាប់រង្គាលនិស្សិតនៅសកលវិទ្យាល័យមួយ។
ក្នុងការវាយប្រហារដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារនៅក្រុងកាប៊ុល ប៉ូលិសម្នាក់ត្រូវបានសម្លាប់និង២នាក់ទៀតរងរបួស ដោយការបាញ់របស់ខ្មាន់កាំភ្លើង៕
មន្រ្តីសន្តិសុចអាហ្វហ្គានីស្ថាន ពិនិត្យទីតាំងផ្ទុះគ្រាប់បែកដែលបានកំទេចរថយន្តនិងសម្លាប់អភិបាលរងក្រុងកាប៊ុលកាលពីថ្ងៃ១៥ធ្នូ