ដោយ: ពៅនិមល/ភ្នំពេញ: យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គិតត្រឹមរយះពេល១០ខែ ឆ្នាំ២០២០នេះ សម្រេចបានប្រមាណ១,៧ ពាន់លានដុល្លារ។
តាមការលើកឡើងរបស់ប្រភពដដែលនេះ បានឱ្យដឹងទៀត តួលេខខាងលើមានការធ្លាក់ចុះ ៨ភាគយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។ ក្នុងនោះ គិតចាប់ពីខែមករា ដល់ខែតុលា កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុនមានទំហំទឹកប្រាក់សរុប ១.៣៤៥លានដុល្លារ ថយចុះ៦,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ដោយឡែក ការនាំចូលទំនិញពីជប៉ុនមកកម្ពុជាវិញ មានទំហំទឹកប្រាក់ សរុបប្រមាណ៣៩០លានដុល្លារ ថយចុះ១២ភាគរយ។
យោងតាមក្រសួងពាណិជ្ជកម្ម ផលិតសក្តានុពលដែលកម្ពុជានាំចេញទៅប្រទេសជប៉ុន មានដូចជា ផលិតសំលៀកបំពាក់ កង់ គ្រឿងបង្គំអេឡិចត្រូនិក និងផលិតកសិកម្ម។កាលពីឆ្នាំ២០១៩ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុប២,២ពាន់លានដុល្លារ កើនឡើង១៣ភាគរយ ធៀបនឹងឆ្នាំ២០១៨៕