ដោយៈ អង្គរតូច / សៀមរាបៈ ការងារជួសជុលខ្លោងទ្វារ ខាងកើតរបស់ ប្រាសាទតានៃ នឹងបញ្ចប់នៅចុងឆ្នាំ ២០២០ នេះ។
លោក ស៊ា សុភារុន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុល បានឱ្យដឹងថាៈ ការជួសជុលខ្លោងទ្វារ ខាងកើត ប្រាសាទតានៃ ដែលបានចាប់ផ្តើមជួសជុល តាំងពីឆ្នាំ២០១៩ មកដល់ពេលនេះ បានសម្រេច ៩០% ហើយៗ គ្រោងនឹងបញ្ចប់ ចុងឆ្នាំ២០២០។ ការងារនេះ គឺក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ ស្រាវជ្រាវមរតកវប្បធម៌ នៃទីក្រុងតូក្បូ ប្រទេសជប៉ុន ដើម្បីអភិរក្ស លើកតម្លៃប្រវត្តិស្ថាបត្យកម្ម សំណង់បុរាណ ឱ្យមានភាពមាំទាំ គង់វង្ស យូរអង្វែង រួចចាកផុតពីភាពខ្ទេចខ្ទាំ ដើម្បីបន្តរក្សាទុក ជាកេរមរតក ដល់កូនចៅខ្មែរ ជំនាន់ក្រោយ។
លោកបានបន្តទៀតថាៈ បញ្ហាប្រឈមខ្លាំងរបស់ ខ្លោងទ្វារខាងកើត ប្រាសាទតានៃ ដែលតម្រូវឱ្យមាន ការជួសជុលគឺ បណ្តាលមកពីរចនាសម្ព័ន្ធ របស់ខ្លោងទ្វារ បានរំកិលចេញ ពីទីតាំងដើម ថ្មជញ្ជាំងគ្រប់ជ្រុងប្រេះ ក្រៀកចេញពីគ្នា ដែលប្រឈមនឹងការបាក់រលំ។ ថ្មដំបូល បានជ្រុះធ្លាក់ ស្ទើរទាំងស្រុង ចំណែកថ្មដំបូល ដែលនៅសល់ ពុំមានស្ថេរភាព ដោយឫស និងដើម ឈើចាក់ចូល បំផ្លាញរចនាសម្ព័ន្ធថ្ម រួមនឹងគុណភាពថ្ម ចុះខ្សោយផង បានបំផ្លាញ រចនាសម្ពន្ធគ្រឹះ មិនអាច ទ្រលំនឹងតួប្រាសាទ បានរឹងមាំដូចមុន។
លោកបានបញ្ជាក់ថាៈ អំឡុងពេលជួសជុលនេះ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវ ប្រទះឃើញកុលភាជន៍ ជាច្រើនបំណែក និងព្រះសិរ លោកកេសូ ផងដែរ។
ចំណែកលោក ព្រំ សុភក្តិ មន្ត្រីបច្ចេកទេស ជួសជុលចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាៈ ចំពោះ បច្ចេកទេស នៃការជួសជុលលើថ្ម ដែលខូចខាត គឺ យើងត្រូវប្រើបច្ចេកទេស ជួសជុល តាមបែបសម័យទំនើប ដែលយើងបានរៀនសូត្រ ពីអ្នកជំនាញ សមស្របតាម លក្ខណៈបច្ចេកទេស របស់គណៈកម្មាធិការ អន្ដរជាតិ អាយស៊ីស៊ី-អង្គរ។
លោកបានបន្ថែមទៀតថាៈ ចំពោះថ្មដែលពុកផុយខ្លាំង យើងត្រូវយកមកពង្រឹង ដោយប្រើប្រាស់ផលិតផល សម្រាប់ចាក់ពង្រឹងឡើងវិញ។ ចំពោះថ្មដែល បាក់បែកតិចតួច យើងត្រូវយកវាមកបិទផ្គុំ សម្អាតស្លែ ហើយសម្រាប់ថ្ម ដែលបាក់បែក ទ្រង់ទ្រាយធំ យើងត្រូវដាក់ស្នូលដែក ដែលអត់ច្រេះ ដើម្បីតភ្ជាប់វា ឡើងវិញ។ ជាលទ្ធផលក្រុមការងារយើង បានជួសជុលថ្ម ដែលបាក់បែកបាន ចំនួនជាង ៣០០ ដុំ ៕/V