ដោយៈ ប.ខុន / ភ្នំពេញៈ ខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២០ ទទួលបានគម្រោងសាច់ប្រាក់ពលកម្ម ជីកស្តារប្រឡាយជើងក្អែប ចំនួន ១០០ ខ្សែ ស្មើនឹងប្រវែង ៦៧.១៨៤ ម៉ែត្រ បន្ទាប់ពីនៅ ក្នុងឆ្នាំ២០១៩ ទទួលបានចំនួន ៩១ ខ្សែ ស្មើប្រវែង ៤៥.០១១ ម៉ែត្រ ដែលមកទល់នឹងពេលនេះ គម្រោងទាំងនោះ អនុវត្តបានរួចរាល់ហើយ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៥ ខែធ្នូថាៈ ឆ្នាំ២០០នេះ ខេត្តកំពង់ឆ្នាំង ទទួល បានប្រឡាយជើងក្អែប ចំនួន១០០ខ្សែ តាមរយៈគម្រោងសាច់ ប្រាក់ពលកម្មជំហាន២ ដែលរាជរដ្ឋាភិបាល បានបង្កើតឡើង សម្រាប់ឆ្នាំ ២០២០-២០២២ ដែលមកទល់ពេលនេះ ប្រឡាយទាំង ១០០ ខ្សែ បានធ្វើរួចហើយ។
ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ ប្រឡាយជើងក្អែប ចំនួន ១០០ ខ្សែ ដែលមានប្រវែងសរុប ៦៧.១៨៤ ម៉ែត្រ ដោយតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសាមគ្គីមានជ័យ, កំពង់លែង, រលាប្អៀរ, ទឹកផុស និងស្រុកបរិបណ៍ ដោយមានអ្នកចូលរួម ចំនួន ៩.៤០៦ នាក់ ស្រោចស្រពបានលើផ្ទៃដី ចំនួនប្រមាណជា ៥.៧៤០ ហិកតា និងមានអ្នកទទួលផល ចំនួន ១១.៥៣៨ នាក់។
លោក ដោក ប៊ុនថុន បានឱ្យដឹងទៀតថាៈ ប្រឡាយជើងក្អែប ប្រវែងចំនួន ១០០ ខ្សែនេះ ជាគម្រោងសាច់ប្រាក់ពលកម្ម ជំហាន២ សម្រាប់ឆ្នាំ ២០២០ និង នៅមានសម្រាប់ ឆ្នាំ២០២១-ឆ្នាំ២០២២ ទៀត។ កាលក្នុងឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោងសាច់ប្រាក់ពលកម្ម ជំហានទី១ ចំនួន ៩១ ខ្សែ ស្មើនឹងប្រវែង ៤៥.០១១ ម៉ែត្រ ។ គម្រោងសាច់ប្រាក់ពលកម្មនេះ បានជួយនាំទឹក ពីប្រឡាយមេ ប្រឡាយរង ទៅដល់ស្រែឆាប់រហ័ស ។ អ្នកចូលរួមជីកស្តារ ប្រឡាយជើងក្អែបនេះ មិនត្រឹមតែមានការងារធ្វើ បានប្រាក់ចំណូលប្រចាំថ្ងៃនោះទេ គឺថែមទាំងបានទឹក ចូលដល់ស្រែថែមទៀតផង។
គម្រោងសាច់ប្រាក់ ពលកម្មជំហានទី២ ដែលរាជរដ្ឋាភិបាល បង្កើតឡើង សម្រាប់ឆ្នាំ២០២០- ២០២២ បានចាប់ផ្តើមអនុវត្តជាមួយនឹងថវិកា សរុបចំនួន ៤៥១ ប៊ីលានរៀល ដឹកនាំអនុវត្ត ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គិសនីកម្ពុជា មានគោលដៅចូលរួមកាត់បន្ថយ ភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅ របស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើង តាមរយៈការបង្កើតឱកាសការងារ រយៈពេលខ្លី តាមកម្មវិធី សាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយ ជីវភាពបន្ទាន់ ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោគបន្ត លើរបរកសិកម្ម ឬមុខរបរសម ស្របដទៃទៀត។
គម្រោងខាងលើនេះ គាំទ្រហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោល បំណងចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខមាលភាព របស់ប្រជាជន នៅតំបន់ជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើង តាមរយៈការបង្កើតឱកាសការងារ រយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយ ជីវភាពបន្ទាន់ ក្នុងរយៈពេលខ្លីផង និងបង្កើតជាទុន សម្រាប់ការវិនិយោគបន្ត លើរបរកសិកម្ម ឬមុខរបរសមស្រប ដទៃទៀតផងដែរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំជនបទ និងលូបង្ហូរទឹក ក្នុងតំបន់ទីប្រជុំជន។
គម្រោងសាច់ប្រាក់ពលកម្ម ជំហាន២ សម្រាប់ឆ្នាំ២០២០-២០២២ ត្រូវបានរាជរដ្ឋាភិបាល សម្រេចឱ្យអនុវត្ត កាលពីដើមខែមីនា ឆ្នាំ២០២០ បន្ទាប់ពីការអនុវត្ត គម្រោងជំហានទី១ ដែលអនុវត្ត ពីឆ្នាំ២០១៧ ដល់ ២០១៩ បានជោគជ័យ នៅលើខេត្តគោលដៅចំនួន ១២ ដោយចំណាយទុនសរុប ២១៥,៤ ប៊ីលានរៀលរួច៕/V