ប្រែសម្រួល : កញ្ញាដាលីស/ហ្ស៊េរុយសាឡឹម ៖ ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ដោយជោគជ័យជាមួយនឹងប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដោយផ្តល់ការការពារប្រឆាំងនឹងការគំរាមកំហែងនានាដែលបង្កឡើងដោយអ៊ីរ៉ង់ដែលជាសត្រូវនិងបណ្តាក្រុមតំណាងរបស់អ៊ីរ៉ង់នៅតាមព្រំដែនខាងជើងនិងខាងត្បូងរបស់អ៊ីស្រាអែល។
ក្រុមមន្ត្រីការពារជាតិបាននិយាយថា នេះជាលើកទី១ហើយដែលពួកគេបានធ្វើការសាកល្បងរួមបញ្ចូលគ្នានូវសមាសធាតុផ្សេងៗគ្នានៃប្រព័ន្ធការពារមីស៊ីល “ច្រើនស្រទាប់” របស់ប្រទេសនេះ។ ប្រព័ន្ធទាំងនោះរួមមានArrow សម្រាប់ស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធDavid’s Sling សម្រាប់បាញ់ទម្លាក់មីស៊ីលចម្ងាយមធ្យម និង ប្រព័ន្ធ Iron Domeដែលប្រើអស់ជាច្រើនឆ្នាំដើម្បីការពារប្រឆាំងនឹងការបាញ់រ៉ុក្កែតចូលពីតំបន់ហ្គាហ្សាស្ទ្រីប។
លោក ម៉ូសេ ផាថែល ប្រធានអង្គការការពារតំបន់មជ្ឈិមបូព៌ារបស់អ៊ីស្រាអែល បាននិយាយថាសមយុទ្ធនេះបានបង្ហាញនូវវិធីសាស្ត្រពហុស្រទាប់ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនានាដែលរួមបញ្ចូលប្រព័ន្ធទាំងបី។
លោកនិយាយថា “ដោយប្រើប្រាស់វិធីសាស្ត្រនេះ ការគំរាមកំហែងផ្សេងៗគ្នាអាចត្រូវបានកំណត់និងបាញ់ស្ទាក់តាមរយៈការសម្របសម្រួលនិងអន្តរប្រតិបត្តិការពេញលេញរវាងប្រព័ន្ធទាំងបី”។
អ៊ីស្រាអែលប្រឈមមុខនឹងការគំរាមកំហែងដោយគ្រាប់រ៉ុក្កែតនិងមីស៊ីលពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ពីក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ ដែលនៅជិតខាង និងពីអ៊ីរ៉ង់។
ក្រុមមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីការអភិវឌ្ឍអាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់និងអ្វីដែលពួកគេនិយាយថាពួកហេសប៊ូឡាកំពុងព្យាយាមនាំចូលឬអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពអាចវាយប្រហារស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសអ៊ីស្រាអែល ជាមួយភាពវាយចំគោលដៅច្បាស់លាស់ខ្ពស់៕
អ៊ីស្រាអែលសាកល្បងប្រព័ន្ធការពារមីស៊ីល៣ប្រភេទកាលពីថ្ងៃអង្គារ