ដោយ: មុនីរ័ត្ន / ភ្នំពេញ: ជនបរទេសចំនួនជាង ១លាន ៦សែននាក់ មានជាង ២០០សញ្ជាតិ បានចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ដោយការចូលមកនេះ គឺមានឯកសារគ្រប់គ្រាន់ និងចូលមកស្របច្បាប់។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់រស្មីកម្ពុជា។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យបានបញ្ជាក់ឲ្យដឹងថា រយៈពេល០៩ខែ ឆ្នាំ២០២០ ជនបរទេសចូលមកកម្ពុជា សរុបចំនួន 1,622,822នាក់ មាន 216 សញ្ជាតិ ភាគច្រើនជាជនជាតិចិន។ ហើយជនបរទេសចូលមកទាំងអស់ សុទ្ធតែមានឯកសារគ្រប់គ្រាន់ និងចូលមកស្របច្បាប់។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបន្តទៀតថា ក្នុងចំណោម 1,622,822នាក់នោះមានអ្នកទេសចរណ៍ចំនួន 1.165.283នាក់ ស្មើនឹង 71.81%។ ពាណិជ្ជករ មានចំនួន 257.346នាក់ ស្មើនឹង15.86% និងផ្សេងៗ ការទូត ផ្លូវការ ។ល។ មាន 12.33%។
អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ០៩ខែដើម ឆ្នាំ២០២០ បានបណ្តេញជនបរទេសសរុប ៥៤២នាក់ មាន៤០សញ្ជាតិ ភាគច្រើនលួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការ និងគ្មានលិខិតឆ្លងដែន។
យោងតាមរបាយការណ៍ស្ថិតិរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២០ (រយៈពេល ៧ឆ្នាំ) អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចេញពីកម្ពុជាទៅស្រុកកំណើតវិញមានចំនួនសរុប ១៧៣២៩នាក់ (ស្រី២៩៨១នាក់) មាន ១០៤សញ្ជាតិ។ ក្នុងចំណោមជនបរទេសដែលបានបណ្តេញចេញ ១៧៣២៩នាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ គឺ ១១៥៩១នាក់ (ស្រី ២១៦៦នាក់) , ជនជាតិចិនដីគោកចំនួន ២៩៩៦នាក់ (ស្រី ៤៩៣នាក់) , ជនជាតិនីហ្សេនីយ៉ា ចំនួន ៥៣៥នាក់ (ស្រី ១២នាក់) , ជនជាតិចិនតៃវ៉ាន់ ចំនួន ៣៥៥នាក់ (ស្រី ២៣នាក់) និងជនជាតិអាម៉េរិក ចំនួន ១០៨នាក់ (ស្រី ៤នាក់)៕