ដោយ: មុនីរ័ត្ន / ភ្នំពេញ: មនុស្សចំនួន ៩៤៨នាក់បានស្លាប់ និង២.៨០៨នាក់បានរងរបួសធ្ងន់ស្រាល (របួសធ្ងន់ចំនួន ១៦៩៥នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ១៨៧៩លើក ក្នុងរយៈពេល ២២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៥ ខែធ្នូ ។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែធ្នូកើតឡើង ៧លើក ស្លាប់ ៣នាក់ និងរបួស ៧នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់ និងស្រាល ៣នាក់។ នេះបើការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២២៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៥ ខែធ្នូ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៣៤.១១០គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៧២.១៤២គ្រឿង និងរថយន្តមានចំនួន ៦១៩៦៨គ្រឿង ក្នុងនោះរថយន្តតូច ៥១៧២១គ្រឿង និងធំ ១០២៤៧គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន