ប្រែសម្រួលៈវាសនា៖នៅពេលប្រទេសអ្នកមានបានបញ្ជាទិញវ៉ាក់សាំងជាមុនសំរាប់ប្រជាពលរដ្ឋរបស់គេ មានការយល់ឃើញជាទូទៅថាបណ្តាប្រទេសក្រីក្រអាចនឹងទុកអោយទទួលថ្នាំការពារទល់នឹងវីរុសឆ្លងនេះក្រោយគេ។
យោងតាមការសិក្សាមួយចេញផ្សាយកាលពីថ្ងៃពុធទី១៦ធ្នូ យ៉ាងហោចណាស់១ភាគ៥ នៃប្រជាជនលើពិភពលោកអាចនឹងមិនទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ទេ រហូតដល់ឆ្នាំ២០២២ ដោយសារតែបណ្តាប្រទេសមានទ្រព្យធនទិញប្រមូលយកវ៉ាក់សាំងដែលផលិតបានអស់ជាងពាក់កណ្តាលបាត់ទៅហើយនៅឆ្នាំក្រោយ។
ជាមួយនឹងក្តីសង្ឃឹមថា វ៉ាក់សាំងនឹងអាចបញ្ចប់ជំងឺឆ្លងដែលបានសម្លាប់មនុស្ស១,៦លាននាក់នៅលើពិភពលោក ប្រទេសជាច្រើនរួមមានអាម៉េរិក អង់គ្លេស និងអារ៉ាប់រួម អេមីរ៉ាត បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរួចបាត់ទៅហើយ ខណៈប្រទេសជាច្រើនទៀតកំពុងប្រវេប្រវាបញ្ជាទិញមកពីក្រុមហ៊ុនឳសថផ្សេងៗ។
បណ្តាប្រទេសអ្នកមាន ដែលមានប្រជាជនតែ១៤ភាគរយក្នុងចំណោមប្រជាជនលើពិភពលោក តែបានបញ្ជាទិញវ៉ាក់សាំងដល់ទៅជាងពាក់កណ្តាលពីក្រុមហ៊ុននាំមុខគេចំនួន១៣នៅឆ្នាំក្រោយ នេះបើតាមការសិក្សារបស់សាលាពេទ្យនៃសកលវិទ្យាល័យJohns Hopkins។
ការសិក្សាបានបន្ថែមថា ទោះជាក្រុមហ៊ុនឳសថទាំងនេះនឹងផលិតបានវ៉ាក់សាំងមានប្រសិទ្ធភាព និងបំពេញតាមគោលដៅផលិតកម្មអតិបរមារបស់គេ «ក៏មនុស្សយ៉ាងតិច១ភាគ៥នៃប្រជាជនលើលោកនឹងមិនទទួលបានវ៉ាក់សាំងចាក់ឡើយរហូតដល់ឆ្នាំ២០២២»៕
ប្រទេសមានទ្រព្យធនមានប្រជាជនប្រមាណ១៤ភាគរយនៃប្រជាជនក្នុងលោកតែ ទិញប្រមូលយកវ៉ាក់សាំងជាងពាក់កណ្តាលនៅឆ្នាំក្រោយ