Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​គ្រោង...

កម្ពុជា​គ្រោង​​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត​

ដោយៈ​សុផល​/​ភ្នំពេញ​: កម្ពុជា​គ្រោង​នឹង​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត តាមរយៈ ការកសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ជម្រៅ​ទឹក​១៤,៥​ម៉ែត្រ​ប្រវែង​៣៥០​ម៉ែត្រ​ដែល​នឹង​ធានា​ដល់​ការចូល​ចត​នាវា​កុងតឺន័រ​ខ្នាត​ធំៗ​មាន​ចំណុះ​រហូតដល់​ទៅ​៦០.០០០​តោន​ឬ​ស្មើនឹង​៩៣%​នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ដើមឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។​លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចាប់ផ្តើម​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច​នៅ​កំពង់ផែ (Port EDI) កាលពី​ម្សិលមិញ​។

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ក្រោយ​ការសាងសង់​ចំណត​ផែ​ថ្មី​នេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នឹង​ក្លាយទៅជា​កំពង់ផែ​លំដាប់ថ្នាក់​ខ្នាត មធ្យម ដែល​នឹងមាន​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​លើសពី​១​លាន​TEUs/​ឆ្នាំ រីឯ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ទៅមក​កម្ពុជា​នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេសជិតខាង​។

លើសពីនេះ​ទៀត​ចំណត​កំពង់ផែ​នេះ គឺជា​ច្រក​សេដ្ឋកិច្ចជាតិ​មួយ​យ៉ាងសំខាន់​ក្នុងការ​ដោះដូរ​ទំនិញ​ផលិតផល​កសិកម្ម​និង​កសិឧស្សាហកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយបាន​ត​ភ្ជាប់​ជាមួយ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ផ្លូវដែក ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​កំពុង​ដំណើរ​សាងសង់​ផងដែរ​។​

​ដោយឡែក​ទាក់ទង​នឹង​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេ​ឡិច​ត្រូ​និ​ច​នៅ​កំពង់ផែ លោក រស់ វណ្ណា បាន​លើកឡើងថា ប្រព័ន្ធ​ព័ត៌មានវិទ្យា Port EDI មាន​សារៈសំខាន់​ក្នុង​ការជួយ​សម្រួល​ដល់​នីតិវិធី​ចេញ​-​ចូល​កំពង់ផែ​កម្ពុជា​សម្រាប់​នាវា​ដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ធំៗ​សំដៅ​គ្រប់គ្រង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ចំណេញ​ពេលវេលា និង កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ជាពិសេស​បង្កើន​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​កម្ពុជា​ផងដែរ​។

​លោក ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​កម្ពុជា ជាពិសេស​គម្រោង Port EDI នេះ ដើម្បីឱ្យ​ការធ្វើ​ជំនួញ​តាមផ្លូវ​ទឹក​មាន​ប្រសិទ្ធភាព និង​តម្លាភាព​កាន់តែ​ខ្ពស់​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ខាងលើនេះ ធ្វើឡើង​តាមរយៈ វីដេអូ​ពី​ចម្ងាយ មានការ​ចូលរួម​ពី​លោក​បណ្ឌិត HIROSHI NISHIOKA តំណាង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) និង មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង តំណាង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular