ប្រែសម្រួល : កញ្ញាដាលីស ៖ លោកស្រី ម៉ាកខេនហ្ស៊ី ស្កុត អតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីបានផ្តល់ថវិកាចំនួន ៤,២ ពាន់លានដុល្លារដល់អង្គការនានា ដែលជួយដល់ជនងាយរងគ្រោះ ខណៈដែលជំងឺរាតត្បាតកំពុងវាយប្រហារជីវិតមនុស្សប្រៀបបីដូច “គ្រាប់បាល់ដែកកម្ទេចជញ្ជាំង”។
លោកស្រីស្កុត ដែលមានឈ្មោះថា ម៉ាកខេនហ្ស៊ី បេហ្សូស កាលពីឆ្នាំមុននោះ បានចុះហត្ថលេខាលើ “ការសន្យា” ដើម្បីបរិច្ចាគទ្រព្យសម្បត្តិមួយផ្នែកធំរបស់លោកស្រីឱ្យទៅអង្គការសប្បុរសធម៌។
នៅក្នុងការបរិច្ចាគជុំដំបូងនៅដើមឆ្នាំនេះ លោកស្រីស្កុតបានផ្តល់ថវិកាជិត ១,៧ពាន់លានដុល្លារដល់អង្គការនានាដែលបូជ្ញាសម្រាប់សមភាពយេនឌ័រនិងសមភាពសេដ្ឋកិច្ចក៏ដូចជាបុព្វហេតុសង្គមផ្សេងទៀត។
លោកស្រីស្កុតនិយាយនៅក្នុងការប្រកាសលម្អិតអំពីការបរិច្ចាគជុំទី២របស់លោកស្រីនៅឆ្នាំនេះថា”ជំងឺរាតត្បាតនេះគឺជាគ្រាប់បាល់ដែកវាយកម្ទេចជីវិតរបស់ប្រជាជនអាម៉េរិកដែលកំពុងជួបការលំបាករួចទៅហើយ។ ការខាតបង់ខាងសេដ្ឋកិច្ចនិងលទ្ធផលសុខភាពគឺកាន់តែអាក្រក់សម្រាប់ស្ត្រី មនុស្សគ្រប់ពណ៌សម្បុរ និងសម្រាប់ប្រជាជនដែលរស់នៅក្នុងភាពក្រីក្រ”។
ជាមួយគ្នានេះដែរ លោកស្រីបានកត់សម្គាល់ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានកើនឡើងគួរឱ្យកត់សម្គាល់។
មហាសេដ្ឋីដែលកើនលុយច្រើនទាំងនោះគឺរាប់បញ្ចូលទាំងអតីតស្វាមីរបស់លោកស្រីផងដែរ ត្បិតលោកស្រីស្កុតមិននិយាយចំឈ្មោះរបស់គាត់ក៏ដោយ។ ទ្រព្យសម្បត្តិរបស់លោកបេហ្សូសបានកើនឡើងជិត ៨០ ភាគរយក្នុងអំឡុងពេលមានជំងឺរាតត្បាត គឺខ្ទង់ ១៨៥ ពាន់លានដុល្លារ៕
លោកស្រី ម៉ាកខេនហ្ស៊ី ស្កុត