Home ព័ត៌មានអន្តរជាតិ មួយថ្ងៃ​មាន​ក...

មួយថ្ងៃ​មាន​ការចាប់រំលោភ​១១​ករណី ជាហេតុ​នាំ​អោយ​ប៉ា​គី​ស្ថាន​អនុម័ត​ច្បាប់​ប្រឆាំង​ការរំលោភ​និង​ប្រើ​វា​ជា​បន្ទាន់​

​ប្រែ​សម្រួលៈ​វាសនា​៖​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ បាន​អនុម័ត​ច្បាប់​ប្រឆាំង​ការចាប់រំលោភ​ថ្មី​មួយ ដែល​នឹង​ពន្លឿន​ការកាត់ទោស​ជនល្មើស​និង​ចាប់ផ្តើម​ធ្វើ​បញ្ជី​ឈ្មោះ​ជនល្មើស​ផ្លូវភេទ​​នៅ​ទូទាំង​ប្រទេស​ជា​លើកដំបូង​។​

​ច្បាប់ ដែល​បាន​ចូល​ជា​ធរមាន​ភ្លាម ត្រូវបាន​ជំរុញ​អោយ​ធ្វើ​ឡើង​ក្រោយ​មាន​ការចាប់រំលោភ​បូក​លើ​ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅ​ចំពោះមុខ​កូនៗ​របស់​នាង​នៅ​លើ​ចិញ្ចើម​ផ្លូវ​មួយ​កាលពី​ខែ​កញ្ញា​។​ករណីនេះ បាន​បង្ក​​កំហឹង​និង​នាំអោយ​មាន​ការប្រឆាំង​តវ៉ា​ទូទាំង​ប្រទេស ដោយ​ពួក​សកម្មជន​ទាមទារ​អោយ​រដ្ឋាភិបាល​ចាត់វិធានការ​ច្រើនឡើង​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​។​

​យោង​តាម​ទិន្នន័យ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​នេះ ក្នុង​មួយថ្ងៃ​មាន​ការរំលោភ​ផ្លូវភេទ​១១​ករណី​នៅ​ប៉ា​គី​ស្ថាន​តែ​អាជ្ញាធរ​ទទួលស្គាល់ថា ចំនួន​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ​។​

​សូមបញ្ជាក់​ថា បទឧក្រិដ្ឋ​ផ្លូវភេទ ដូចជា​ការចាប់រំលោភ​បង្ក​ស្លាកស្នាម​ទុរយស​នៅក្នុង​ប៉ា​គី​ស្ថាន​អភិរក្សនិយម កន្លែង​ដែល​ជនរងគ្រោះ​ពិបាក​ទទួលបាន​យុត្តិធម៌​។​តែ​សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​​ប្រធានាធិបតី អា​រី​ហ្វ អាល់​វី បាន​និយាយថា​«​ច្បាប់​នេះ​នឹង​ជួយ​ចាត់ការ​ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​»​។​

​ច្បាប់​ដែល​ស្នើឡើង​ដោយ​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ បញ្ជា​អោយ​បង្កើត​តុលាការ​ពិសេស​ដើម្បី​កាត់ទោស​ករណី​ចាប់រំលោភ និង​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ ដែល​ត្រូវតែ​ដំណើរការ​បង្កើត​អោយ​​ចប់សព្វគ្រប់​ក្នង​រយៈពេល​៤​ខែ​។​វា​ហាម​ការបញ្ចេញ​អត្តសញ្ញាណ​ជនរងគ្រោះ និង​ចុះបញ្ជី​ជនល្មើស​នៅ​ទូ​ទាំង​បរទេស​។​

​ប៉ា​គី​ស្ថាន​ជា​ប្រទេស​អភិរក្ស​ខ្លាំង​មួយ ដោយ​ប្រុសៗ​ជា​អ្នកគ្រប់គ្រង​និង​ដឹកនាំ​ប្រទេស​ហើយ​ជនរងគ្រោះ​ពី​ការចាប់រំលោភ​ខ្លាច​នឹង​និយាយ​ប្រាប់​គេ រីឯ​បណ្តឹង​ព្រហ្មទណ្ឌ​ច្រើន​តែ​មិន​ត្រូវបាន​ស៊ើបអង្កេត​​អោយបាន​ហ្មត់ចត់​។​

​ក្រោយ​ឧបទ្ទវហេតុ​ចាប់រំលោភ​បូក​លើ​ចិញ្ចើមផ្លូវ មន្ត្រីប៉ូលិស​ម្នាក់​ទំនងជា​ចង់​បន្ទោស​ជនរងគ្រោះ​ពីព្រោះ​នាង​បើកបរ​ម៉ូតូ​ពេល​យប់​ដោយ​គ្មាន​មនុស្ស​ប្រុស​ទៅ​ជាមួយ​។​

​នាយករដ្ឋមន្ត្រី ក្រោយមក​បាន​អំពាវនាវ​អោយ​ក្រៀវ​ជន​ចាប់រំលោភ ដោយ​ប្រើ​ថ្នាំ​គីមី ដើម្បី​កាត់បន្ថយ​កាម​តម្រេក​៕

​បាតុករ​កាន់​បដា​តវ៉ា​ក្នុងអំឡុង​ការតវ៉ា​មួយ​ប្រឆាំង​ការចាប់រំលោភ​បូក​លើ​ស្ត្រី​ម្នាក់​នៅ​ក្រុង​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​១៨​កញ្ញា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular