Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​បង្កើត​មណ្ឌល បន្សាប​គ្រឿងញៀន​មួយ ដើម្បី​ព្យាបាល​អ្នកញៀន​ថ្នាំ​

​ដោយៈ ទេព មង្គល / ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​នឹង​រៀបចំ​មណ្ឌល​បន្សាប ព្យាបាល​អ្នកញៀន​ថ្នាំ​មួយ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ក៏ប៉ុន្តែ​ក៏មាន​ការជួយ​សហការ ពី​សំណាក់​កម្លាំង​កងរាជអាវុធហត្ថ មន្ទីរ​សុខាភិបាល និង​មន្ទីរ​សង្គមកិច្ច ស្តារ​យុវនីតិសម្បទា ដើម្បី​ទទួលយក​អ្នកញៀន​ថ្នាំ នៅ​ខេត្ត​ព្រះសីហនុ ស្របតាម​គោលការណ៍ មួយ​ច្បាស់លាស់​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ការបង្កើត មណ្ឌល​បន្សាប ព្យាបាល​អ្នកញៀន​ថ្នាំ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ កាលពី​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នេះ ក្រោម​វត្តមាន​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​មានការ​ចូលរួម ដោយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។
​ជាមួយគ្នានេះ កិច្ចប្រជុំ ក៏បាន​លើកយក​មក​ពិភាក្សា អំពី​ការផ្ទេរ ការគ្រប់គ្រង​ចាត់ចែង របប​ជូន​ជនរងគ្រោះ កំពុងស្នាក់នៅ​មណ្ឌល​អប់រំ បន្សាប​ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន បណ្តោះអាសន្ន ដែល​កន្លងមក គ្រប់គ្រង​ដោយ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ​នោះ ដើម្បី​ប្រគល់ជូន រដ្ឋបាលខេត្ត​ព្រះសីហនុ ទទួល​គ្រប់គ្រង​ជំនួស​វិញ​។​

​លោក គួច ចំរើន បាន​ណែនាំ​អោយ​បង្កើត​ក្រុមការងារ​មួយ ដែលមាន​អភិបាលរង​ខេត្ត​មួយរូប ដឹកនាំ​ចុះ​ពិនិត្យ រក​ទីតាំង​សមស្រប មាន​សុវត្ថិភាព មានទឹក ភ្លើង​គ្រប់គ្រាន់ និង​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​បង្កើត​មណ្ឌល​បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​។ ទន្ទឹមនេះ លោក គួច ចំរើន បាន​ណែនាំ​អោយ​ពិនិត្យមើល របៀបរបប​ដឹកនាំ របស់​កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ កន្លងមក ពាក់ព័ន្ធ​ការងារ​អប់រំ បន្សាប ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន រួមទាំង​ការរៀបចំ បទបញ្ជាផ្ទៃក្នុង ដាក់​ឆ្លង​ក្រុមប្រឹក្សា​ខេត្ត ពិនិត្យ​ពិភាក្សា សម្រេច និង​រៀបចំ​ជា​យន្តការ​ជាក់លាក់ សម្រាប់​អនុវត្ត នៅពេលដែល​ផ្ទេរ មក​រដ្ឋបាលខេត្ត ជា​អ្នកគ្រប់គ្រង​។

​គួរ​បញ្ជាក់ថា នៅ​ខេត្ត​ព្រះសីហនុ មាន​មណ្ឌល​បន្សាប​គ្រឿងញៀន​មួយ ស្ថិតក្រោម​ការគ្រប់គ្រង ដោយ​បញ្ជាការដ្ឋាន អាវុធហត្ថ​ក្រុងព្រះសីហនុ​។ មណ្ឌល​នេះ មាន​ទីតាំង​នៅក្នុង​បរិវេណ ទីបញ្ជាការ​កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។
​ដោយឡែក នាពេល​ថ្មីៗ កន្លងទៅនេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​បង្កើតជា មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា អ្នកញៀន​ថ្នាំញៀន មួយ​ផ្សេងទៀត នៅ​ទីតាំង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​បន្សាប ព្យាបាល​អ្នកញៀន​គ្រឿងញៀន មកពី​តំបន់​នានា​។ មណ្ឌល​នេះ កន្លងទៅ​ថ្មីៗ​នេះ ក៏បាន​ផ្ទេរ​អ្នកញៀន​ថ្នាំ នៅតាម​មណ្ឌល​ខ្លះ នៅ​រាជធានី​ភ្នំពេញ ដើម្បី​យកមក​បន្សាប នៅទីនេះ​ផងដែរ ក្នុងដំណាក់កាល​ដំបូង​នេះ​៕/V​

រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​បង្កើត​មណ្ឌល បន្សាប​គ្រឿងញៀន​មួយ ដើម្បី​ព្យាបាល​អ្នកញៀន​ថ្នាំ​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុរដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​បង្កើត​មណ្ឌល បន្សាប​គ្រឿងញៀន​មួយ ដើម្បី​ព្យាបាល​អ្នកញៀន​ថ្នាំ​

រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​បង្កើត​មណ្ឌល បន្សាប​គ្រឿងញៀន​មួយ ដើម្បី​ព្យាបាល​អ្នកញៀន​ថ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular