Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​ក្រុ...

អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ តម្រូវឱ្យ​អា​ជីករ​ខ្មែរឥស្លាម លក់ដូរ​បែប​អនាធិបតេយ្យ រុះរើ ទៅ​នៅ​ទីតាំង​ថ្មី​

ដោយៈ សុ​ផានី​តា / កោះកុងៈ អភិបាលក្រុង​ខេមរភូមិន្ទ សហការ​ជាមួយ ចៅសង្កាត់​ដងទង់ បានប្រកាស​ឱ្យ​ក្រុម​អា​ជីករ ខ្មែរឥស្លាម រស់នៅ​ភូមិ​៤ ត្រូវ​រុះរើ​តូប​ចេញ ប្រកប​អាជីវកម្ម នៅ​ទីតាំង​ដែល​សង់​ថ្មី ក្បែរ​ព្រះវិហារ ដែល​បច្ចុប្បន្ន សកម្មភាព​លក់ដូរ​រ​បស់​ពួកគាត់ គ្មាន​សណ្តាប់ធ្នាប់​រៀបរ​យ និង​បង្ក​ផលប៉ះពាល់ សោភ័ណភាព​បរិស្ថាន យ៉ាងធ្ងន់ធ្ងរ​។​

​ចាប់ពី​ថ្ងៃទី​១៥ ដល់ ១៦ ខែធ្នូ ខាងមុខ នឹង​គ្មាន​ការអនុញ្ញាត ឱ្យ​ពលរដ្ឋ​ខ្មែរឥស្លាម​លក់ដូរ តាម​ចិញ្ចើមថ្នល់ ឬ​នៅមុខ​ព្រះវិហារ​ឥស្លាម ក្នុងភូមិ​៤ សង្កាត់​ដងទង់ បន្ត​ទៀតឡើយ ក្រោយពី​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ បាន​ផ្តួចផ្តើម​រក​ទីតាំង​ថ្មី ស្ថាបនា​ជា​ផ្សារ សម្រាប់​បង្ក លក្ខណៈ​ងាយស្រួល ដល់​អ្នកលក់ដូរ ចំនួន​ជាង ១៥១ តូប​។​

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បាន​ពន្យល់​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ថាៈ ការលក់ដូរ​បែប​អនាធិបតេយ្យ របស់​ពលរដ្ឋ នៅ​ភូមិ​៤ បាន​បង្ក​ផល​អាក្រក់ យ៉ាងខ្លាំង ដល់​អនាម័យ​បរិស្ថាន សោភ័ណភាព ពិសេស​ប្រឈម​នឹង​ការគ្រោះថ្នាក់ ចរាចរណ៍​នានា តាម​ដងផ្លូវ​។ តែ​ទោះយ៉ាងណា អាជ្ញាធរ បាន​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ ដើម្បីឱ្យ​ពួកគាត់ ឈប់​លក់ដូរ​កន្លែងចាស់ ងាក​មក​ចូលរួម ប្រកប​អាជីវកម្ម នៅ​ទីតាំង​ថ្មី ដែលមាន​ស្រាប់ ក្រោម​ការវិនិយោគ​រប​ស់ អតីត​មេភូមិ​៤ ជា​ខ្មែរឥស្លាម​។​

​លោក​អភិបាលក្រុង​ខេមរភូមិន្ទ បាន​បន្ថែមថាៈ តូប​ដែល​ចាប់ឆ្នោត​ចូល​លក់ដូរ​តាម​អាជីវកម្ម នីមួយៗ គឺ​សុទ្ធតែ​មានការ​ឯកភាព​គាំទ្រ យល់ព្រម​ពី​ក្រុម​អា​ជីករ ទាំងអស់ ក្នុងការ​ធានាបាន នូវ​តម្លាភាព ដោយ​គ្រាន់តែ​ធ្វើ​អនុវត្ត​លក្ខខណ្ឌ កំណត់​របស់​អាជ្ញាធរ និង​គណៈ​គ្រប់គ្រង ផ្សារ​ប៉ុណ្ណោះ​។ ក្រុមអាជីវករ អាច​នឹង​ចូល មក​លក់ដូរ បាន​ចាប់ពី​ថ្ងៃទី​សុក្រ ទី​១៨ ខែធ្នូ តទៅ ។​

​បន្ទាប់ពី​រុះរើ​តូប​ចាស់ៗ នៅតាម​ចិញ្ចើមផ្លូវ អភិបាលក្រុង សង្កាត់ និង​គណៈ​សាសនា​ឥស្លាម នឹង​កែលម្អ​ធ្វើជា​សួនច្បារ យ៉ាង​ស្រស់បំព្រង និង​អ៊ុត​ផ្លូវថ្នល់​ជាថ្មី ដើម្បី​លើ​កក​កម្ពស់ សោភ័ណភាព ទីកន្លែង​គោរពបូជា ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល ដល់​ការធ្វើដំណើរ ទៅមក​របស់​ពលរដ្ឋ​។ ជៀសវាង​រង​ការ​ចោទ ប្រកាន់​ថា ពលរដ្ឋ​ខ្មែរឥស្លាម​ភូមិ​៤ រស់នៅ​កន្លែង​ណា បង្ក​ភាពមិន​ស្អាត​កន្លែង​នោះ​។​

​លោក លឹម ឌី ចៅសង្កាត់​ដងទង់ ធ្លាប់​លើកឡើងថាៈ ការលក់ដូរ​របស់ ពលរដ្ឋ​ខ្មែរ ឥស្លាម​នេះ បាន​ប្រព្រឹត្តទៅ ច្រើន​ឆ្នាំ​មកហើយ ទោះបីជា​អាជ្ញាធរ ធ្លាប់បាន​ចុះ​រៀបចំ សណ្ដាប់ធ្នាប់​ឱ្យ​ល្អ ប្រសើរ​យ៉ាងណាក៏ដោយ ក៏​កើតមាន​បញ្ហា​ស្មុគស្មាញ​ដដែល​។ ប៉ុន្តែ​ឥឡូវ លោក​ធូរស្រាល​ចិត្ត ពេល​មាន​ផ្សារ​ថ្មី បម្រើ​ដល់​ការលក់ដូរ ពលរដ្ឋ​ឥស្លាម ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​ចំណែកឯ​តំណាង ក្រុមអាជីវករ ជា​ខ្មែរឥស្លាម នៅ​ភូមិ​៤ បាន​សម្តែង​នូវ​ការ​អរគុណ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ និង​គណៈ​គ្រប់គ្រង​ផ្សារ ដែល​ស្វែងរក​ទីតាំង​ថ្មី សម្រាប់​ឱ្យ​ពួកគាត់ បាន​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត បើ​ធៀប​នឹង​ទីតាំង​ចាស់ មាន​ភក់ជ្រាំ គ្មាន​សោភ័ណភាព និង​បង្ក​ការកកស្ទះ ចរាចរណ៍ រាល់​ព្រឹកល្ងាច ជាដើម​។ បញ្ហា​ទាំងនេះ គឺ​ពួកគាត់ ក៏​មិន​ចង់ លក់ដូរ ក្នុងស្ថានភាព​កន្លងទៅ​ដែរ តែ​ធ្វើយ៉ាងណា គ្មាន​ទីតាំង​សមរម្យ ដូច​ពេលនេះ​។​

​តំណាង​អា​ជីករ បាន​អះអាងថាៈ ទោះបី​ជាមាន​តម្រូវ ឱ្យ​បង់​ថវិកា ចូលកាន់​តូប​ថ្មី​ក៏ដោយ ក៏​ពួកគាត់​ស្ម័គ្រចិត្ត តប​តាម​ការណែនាំ របស់​អាជ្ញាធរ និង​កិច្ចសន្យា របស់​អ្នកគ្រប់គ្រង ដោយ​ម្នា​ក់បង់ ១០០ ដុល្លារ ក្នុង​រយៈពេល ៣ ឆ្នាំ ករណី​បើ​លក់ដូរ ពុំមាន​ផល ឬ​ឈប់​ធ្វើ អាជីវកម្ម អាច​ដក​ថវិកា រក្សាទុក​បាន​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular