ដោយៈ វណ្ណៈ / ព្រះសីហនុៈ សមត្ថកិច្ចអាវុធហត្ថក្រុងកោះរ៉ុង បានប្រាប់ថា នៅវេលាទៀបភ្លឺ ឈានចូលព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អគ្គិភ័យបានឆាបឆេះ ឃ្លាំងផ្ទុកសម្ភារ របស់ ក្រុមហ៊ុនសុខសាន្ត រីហ្សត កោះរ៉ុង ដែលមានទំហំ ១៥ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយករណីនេះ បានត្រូវដាក់ការសង្ស័យថា មានជនមិនស្គាល់មុខ លួចដុត។
ប្រភពដដែល បានបញ្ជាក់ថាៈ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្សនោះទេ ក៏ប៉ុន្តែបណ្ដាលឱ្យខូចខាតសម្ភារទាំងស្រុង មានដូចជាៈ ឡានឆែរឡែត ចំនួន ១គ្រឿង -ម៉ាស៊ិនអូប័រ ២៥០ សេស ចំនួន ២គ្រឿង -ម៉ាស៊ិនត្រជាក់ ចំនួន ៥គ្រឿង -ទូទឹកកកតូច ៤គ្រឿង -ម៉ាស៊ិនស្វាន ២គ្រឿង -ខ្សែភ្លើង ដងហ្វា តុកៅអី កង្ហារ និងសម្ភារ មួយចំនួនទៀត។
ប្រភពដដែល បានអះអាងថាៈ អគ្គិភ័យ បានរលត់ទាំងស្រុងទៅវិញ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃដដែល ហើយមូលហេតុ នៃការឆេះ កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត៕PC