ដោយៈរ៉ាម៉ន/ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានសម្រេចជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វារ ធ្វើជាកន្លែងធ្វើជាកន្លែងចត្តាឡីស័ក និងព្យាបាលជំងឺកូវី-១៩ ខណៈដែល ជំងឺនេះបាន និងកំពុងរីករាលដាលនៅឡើយ។
ការសម្រេចជ្រើសរើសយកទីតាំងខាងលើនេះ បានធ្វើឡើងព្រឹកថ្ងៃនៅទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ខណៈដែលលោកឃួង ស្រេង អអភិបាលរាជធានីភ្នំពេញ និងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌចំនួនពីរ នោះគឺ មន្ទីរពេទ្យបង្អែកខណ្ឌដូនពេញ និងមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វារ ក្រុមការងារក៏បានសម្រេចជាគោលការណ៍ ដោយជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែកខណ្ឌជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អាគារសម្រាប់ការធ្វើចត្តាឡីស័ក និងជាកន្លែងសំរាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថាទីតាំង មន្ទីរពេទ្យបង្អែកជ្រោយចង្វារ មានទីធ្លាធំទូលាយ ដែលអាចសាងសង់ជាអាគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩បាន ហើយអ្វីដែលសំខាន់ជាងនេះថែមទៀតនោះ មណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វានេះ មិនសូវមានប្រជាពលរដ្ឋមកទទួលសេវាព្យាបាលជំងឺច្រើនដូច នៅតាមបណ្ដាមន្ទីរពេទ្យបង្អែកខណ្ឌផ្សេងទៀតឡើយ ។
គួរបញ្ជាក់ផងដែរថាការជ្រើសរើសយកទីតាំងមន្ទីរពេទ្យបង្អែក ដើម្បីកសាងជាអាគារធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺ -១៩នេះ ធ្វើឡើងក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរ រាជធានី ខេត្ត និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំងណាមួយ ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់បានបញ្ចប់នៅឡើយទេគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករាក៏ថាបាន៕