ដោយ: ដេប៉ូ / កំពង់ស្ពឺ: ក្នុងរយៈពេលច្រើនឆ្នាំមកនេះ គេឃើញប្រជាពលរដ្ឋបានប្រកបបរបរប្រើម៉ាស៊ីនបោកស្រូវ នៅតាមស្រុកស្រែកាន់តែមានចំនួនច្រើនឡើងបន្តបន្ទាប់។ បច្ចុប្បន្ននេះដែរ បន្ទាប់ពីច្រូតស្រូវហើយកសិករភាគច្រើន មិនសូវជាបោកស្រូវដោយដៃដូចសម័យបុរាណទៀតទេ ក៏ព្រោះតែបច្ចុប្បន្នមានម៉ាស៊ីនបោកស្រូវ ដែលវាបានជួយកាត់បន្ថយការប្រើកម្លាំងខ្លាំង និង ប្រើពេលតិច។
ក្នុងរយៈពេលនេះដែរ បើគេងាកមកមើលម្ចាស់ម៉ាស៊ីនបោកស្រូវវិញ គឺរវល់សឹងដកដៃមិនរួចទេ ដោយសារមមាញឹកក្នុងការបោកស្រូវដល់អតិថិជនរបស់ខ្លួន។
លោក ឆោម ទុយ អ្នកមានម៉ាស៊ីនបោកស្រូវមួយរូបនៅឃុំអមលាំង ស្រុកថ្ពងខេត្តកំពស់ស្ពឺ បានឱ្យដឹងថា នៅពេលឈានចូលដល់រដូវច្រូតកាត់ម្តងៗគឺរូប គាត់រវល់ខ្លាំងណាស់ ដោយថ្ងៃខ្លះបោកតាំងពីពេលព្រឹក ដល់យប់ និយាយរួម គឺគ្មានពេលសម្រាកម៉ាស៊ីនប៉ុន្មានទេ ។ប្រមាណជិត១ខែមកនេះគាត់រវល់ដើរបោកស្រូវឱ្យគេជាប់រហូតឥតសូវទំនេរនិងថ្ងៃខ្លះបោកគេសឹងមិនទាន់ថែមទៀត។
បុរសវ័យជាង៥០ឆ្នាំរូបនេះ បានបន្តឱ្យដឹងថា “នៅឆ្នាំនេះកសិករគាត់ធ្វើស្រូវបានច្រើនជាងឆ្នាំមុនៗ ដោយសារទឹកភ្លៀងអំណោយផលធ្វើឱ្យមុខរបរដើរបោកស្រូវមិនថាខ្ញុំ ឬគេទេ គឺកាក់កបច្រើន។ ខ្ញុំបោកស្រូវប៉ុន្មានថ្ងៃនេះ គឺជាប់ដៃរហូត”។
បុរសជាម្ចាស់ម៉ាស៊ីនបោកស្រូវរូបនេះ បានឱ្យដឹងបន្ថែមថា ពេលដល់រដូវច្រូត មិនបាច់ដើរសួរគេដូចមុនទៀតទេ គឺមានគេទូរសព្ទហៅពីមួយកន្លែងទៅមួយកន្លែងជាប់រដឹកតែម្តង ។ចំពោះតម្លៃឈ្នួលបោកវិញ គឺគាត់យកស្រូវមួយតៅតម្លៃ ៦០០រៀល។
សម្រាប់នៅតំបន់ឃុំអមលាំងនេះដែរ គាត់ដើរបោកស្រូវឱ្យគេឱ្យតែដល់រដូវនេះ គឺកាក់កបគួរសមដោយសារតែមានម៉ាស៊ីនបោកស្រូវតិចតួច ឯអ្នកបោកមានច្រើនធ្វើឱ្យមួយរដូវៗ គាត់អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារច្រើនគួរសមដែរ។
បើតាមអ្នកប្រកបរបរដើរបោកស្រូវរូបនេះ បានឱ្យដឹងបន្ថែមថា ម៉ាស៊ីនបោកស្រូវក្នុងមួយគ្រឿងតម្លៃប្រមាណពី៥០០០ទៅ៨០០០ដុល្លារ ហើយបើឆ្នាំណាកាក់កបត្រឹមតែ២ឆ្នាំអាចរួចខ្លួនហើយ។ ទោះបីយ៉ាងណាពេលនេះ អ្នកប្រកបរបរនេះកាន់តែច្រើនឡើងជាងមុន ធ្វើឱ្យប្រាក់ចំណូលកាន់តែថមថយចុះជាងមុនផងដែរ៕ ល