Home ព័ត៌មានជាតិ សង្គម កងពលធំ​អន្តរា...

កងពលធំ​អន្តរាគមន៍​លេខ​៣ ផ្សព្វផ្សាយ​ផែនការ​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​លោក ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា សឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​បង្ការ​ការពារ​ជំងឺ កូ​វីដ​-១៩ របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ដាក់បទបញ្ជា ស្តីពី​ការបង្ការ​ការពារ​ទប់​ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្នុងដំណាក់កាល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដល់​បណ្តា​កងពលតូច​អន្តរាគមន៍​ចំណុះ​ទាំង​៣​។

​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៩ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ជូន​ដល់​នាយ និង​ពលទាហាន ព្រមទាំង​ក្រុមគ្រួសារ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ការការពារ និង​រក្សា​អនាម័យ ជាពិសេស​អនុវត្ត នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល​សំដៅ​ចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ទាំងអស់គ្នា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣ បានដាក់​បទបញ្ជា ដល់​បណ្តា​អង្គភាព​ចំណុះ ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៧, កងពលតូច​អន្តរាគមន៍​លេខ​៨, កងពលតូច​អន្តរាគមន៍​លេខ​៩ និង​បណ្តា​អង្គភាព​ចំណុះ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត និង​ចាត់វិធានការ​ការពារ​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ត្រូវ​បង្កើន​ការ បង្ការ ការពារ ទប់ស្កាត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល ដល់​យោធិន​ក្រោម​ឱវាទ ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្លួន ឱ្យបាន​យល់ច្បាស់​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​។ គ្រប់​កងឯកភាព ពិសេស កងឯកភាព​ហ្វឹកហ្វឺន កងពលធំ​អន្តរាគមន៍​លេខ​៣ ត្រូវ​គ្រប់គ្រង​កម្លាំង​មិន​អនុញ្ញាតឱ្យ​សិក្ខាកាម​ចេញ​ក្រៅ​បរិវេណ​អង្គភាព លើកលែង​តែមាន​ករណី​ពិសេស​ណាមួយ ហើយ​ពេល​ចូលមក​វិញ ត្រូវមាន​ការត្រួតពិនិត្យ​សុខភាព តាម​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​។ យោធិន​ដែល​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា ត្រូវយក​សំណាក​ទៅពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ក្នុងករណី​យោធិន​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​អនុវត្តតាម​ក្រឹត្យ​វិន័យ ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​។​

​គ្រប់​ស្ថាប័ន​កងឯកភាព ត្រូវ​ប្រកាន់​ឱ្យបាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ស្តីពី​គម្លាត​សង្គម និង​គម្លាត​បុគ្គល​។ ជាប្រចាំ ត្រូវ​ពង្រឹងស្មារតី​ដល់​យោធិន​ជំនាញ​គ្រប់​ថ្នាក់​ឱ្យមាន​ភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួន​ជាស្រេច​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ង​កូ​វីដ​-១៩ តាម​បទបញ្ជា​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​កងទ័ពជើងគោកៗ​។​

​ច្រកចេញចូល​បន្ទាយ​ស្នាក់នៅ កន្លែងធ្វើការ កន្លែង​ហូបចុក សាលា​កងឯកភាព​ហ្វឹកហ្វឺន​ត្រូវ​ចាត់តាំង​ការត្រួតពិនិត្យ​សុខភាព និង​លាង​សម្អាត​ដៃ​គ្រប់ពេល​។​ត្រូវ​វ​ចូលរួម​ទប់ស្កាត់ រាល់​ការបំភិតបំភ័យ​គ្រប់​រូបភាព តាមរយៈ​ការ​បំផុស​ព័ត៌មាន​តាម បណ្តាញ​សង្គម និង​ប្រភព​ផ្សេងៗ ដែល​បំផ្លើសការពិត ធ្វើឱ្យ​ជះឥទ្ធិពល​ដល់​សង្គម និង​សតិអារម្មណ៍​ក្នុង​ជួរ​កងទ័ព​។ ក្នុងករណី​ពិនិត្យឃើញ​មាន​យោធិន​កើតរោគ​សញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ ត្រូវបញ្ជូន​យោធិន​នោះ​ទៅកាន់​មន្ទីរពេទ្យ ឬ​ទំនាក់ទំនង​លេខ​១១៥ ដើម្បី​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular