ដោយៈសុផល / ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារ ឥទ្ធិពល នៃ ការ រាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ខណៈចេញនូវរបាយការណ៍មួយស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច កម្ពុជា ដែល ត្រូវ បានផ្សព្វផ្សាយ នៅ ថ្ងៃនេះ។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក ២ភាគរយ ក្នុង ឆ្នាំ២០២០ប៉ុន្តែត្រូវ បាន រំពឹងទុកថា នឹង ងើបឡើងវិញ ហើយ លូតលាស់ បាន ប្រហែលជិត៤ ភាគរយ ក្នុង ឆ្នាំ ២០២១។
នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សា សុវត្ថិភាពសង្គមសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ ក្រោយអន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់ រដ្ឋា ភិបាល។
យោងតាមរបាយការណ៍ បានឲ្យដឹងថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើងទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានា ក្នុងតំបន់។
ទោះបីជា ការនាំចេញ សរុបនៃផលិតផលកមន្តសាល បានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានាហើយ ការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀត នៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរកម្រើកឡើងវិញ។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ «ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះ គឺជាបន្ទាន់ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារ ដែលបាត់បង់ឬដែលត្រូវព្យួរ ដោយសារតែការរាលដាលជំងឺនេះ។”
លោកស្រី ពោលបន្តទៀតថា “ដើម្បីឆ្ពោះទៅពេលខាងមុខជាការចាំបាច់ដែលត្រូវ ជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ក្នុង តំបន់ដែលត្រូវ បានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះ អាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគ មានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយ ស្រួលដល់ការធ្វើអាជីវកម្មផងដែរ។”
ក្នុងគោលបំណងជួយកម្ពុជា ឱ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍របាយការណ៍បានស្នើឱ្យបង្កើនការ វិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមាន ទាំងកម្មវិធី បង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យអតិពលកម្មនានា ដើម្បីបង្កើតការងារក្នុងឱកាស ដែលមានការងើបឡើងឆាប់រហ័ស នៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។
របាយការណ៍ក៏បានលើកឡើងផងដែរនូវឱកាសនានា សម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុក និងពីបរទេសដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ របាយការណ៍នេះ បានចង្អុលបង្ហាញដែរអំពី សារៈសំខាន់ចាំបាច់ បំផុត នៃការ រៀបចំបង្កើន ឱ្យមានហេដ្ឋារចនាសម្ព័ន្ធ រឹងមាំមួយសម្រាប់វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជាការតាមដានឱ្យបានដិតដល់ផងដែរ នូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលអាចបង្កដោយកំណើនអូសបន្លាយយូរពេករបស់ វិស័យសំណង់ និងអចលនទ្រព្យ។
ការស្ទង់មតិតាមទូរស័ព្ទ ដែលធនាគារពិភពលោកបានធ្វើពីរដងក្នុង រយៈពេលកន្លងទៅ បានឱ្យដឹងថា ចំនួនអ្នកផ្តល់ចម្លើយដែលកំពុងធ្វើការក្នុងពេលស្ទង់មតិមានការធ្លាក់ចុះ ពី៨២ភាគរយនៅពេលមានការផ្ទុះជំងឺកូវីដ១៩ដំបូងមកនៅត្រឹម៧១ភាគ ក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។ ការរាតត្បាតជំងឺនេះ នៅតែបន្តជះផលអវិជ្ជមានទៅលើសកម្មភាពធុរកិច្ច ដែលមិនមែនជាការដាំដុះ ប៉ុន្តែក្នុងសភាពមួយ ដែលមិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹងពេល ដែលវិបត្តិនេះ បានផ្ទុះឡើងភ្លាមៗ។ ការបាត់បង់ចំណូល នៅតែមានទំហំធំធេងនៅឡើយបើទោះជា ការធ្លាក់ចុះចំណូល គ្រួសារ ថយល្បឿនបន្តិចវិញ ក្រោយពីរដ្ឋាភិបាល បានដាក់ចេញកម្មវិធីថ្មីមួយ សម្រាប់ផ្ទេរសាច់ប្រាក់ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការស្ទង់មតិទាំងនោះ បង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារដែលត្រូវ បានកំណត់អត្តសញ្ញាណថា ជាអ្នកក្របានរាយការណ៍ថា បានទទួលប្រាក់សង្គ្រោះ នៅក្នុងខែសីហា និងកញ្ញា។
របាយការណ៍នេះ មានជំពូកពិសេសមួយផ្តោតទៅលើការស្ទង់មតិលើសកម្មភាពធុរកិច្ចកម្ពុជា (Cambodia Business Pulse Surveys/BPS) ដែលត្រូវបានធ្វើឡើងសម្រាប់ស្វែងយល់អំពីផលប៉ះពាល់របស់កូវីដ១៩ ទៅលើធុរកិច្ច។ ការស្ទង់មតិលើសកម្មភាពធុរកិច្ចនេះ ត្រូវបានធ្វើជាមួយក្រុមហ៊ុនជាង៥០០ក្រុមហ៊ុន ពីខែមិថុនា ដល់ខែកញ្ញា ហើយលទ្ធផលបង្ហាញថា អាជីវកម្មជាច្រើន បានបើកទ្វារឡើងវិញហើយតាំងពីខែមិថុនាមក។ យ៉ាងណាក្តីការលក់នៅមានកម្រិតទាបខ្លាំង ពិសេស សម្រាប់ អាជីវកម្ម ខ្នាតមីក្រូ តូច និងមធ្យម និងសម្រាប់បណ្តាក្រុមហ៊ុនជាច្រើន នៅខេត្តសៀមរាប។
បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ព័ត៌មាន បច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម៕srn