ប្រែសម្រួល : កញ្ញាដាលីស ៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានជ្រើសរើសយករូបភាពរបស់បុរសជនជាតិវៀតណាមអាយុ ៩២ ឆ្នាំដែលមានសក់ប្រវែង ៥ ម៉ែត្រធ្វើជាពេលវេលាដ៏ចម្លែកបំផុតមួយក្នុងឆ្នាំ ២០២០ ។
នៅក្នុងរូបថតសម្រិតសម្រាំងមួយក្នុងចំណោមរូបសម្រាំងទាំង៥៥ ប្រចាំឆ្នាំ លោកង្វៀន វ៉ាន់ឈៀន មកពីខេត្តតៀងយ៉ាងភាគខាងត្បូង អង្គុយជាមួយសក់វែង៥ម៉ែត្រដែលគាត់និយាយថាមិនបានកាត់ជិត ៨០ ឆ្នាំ។
លោកង្វៀន វ៉ាន់ឈៀន បានប្រាប់វេបសាយ VnExpress ថា គាត់ជឿសក់គាត់ជារបស់ឪពុកម្តាយ ហើយទុកវាឱ្យវែងដើម្បីបង្ហាញការដឹងគុណដល់ពួកគាត់។
គាត់ក៏និយាយដែរថា “ខ្ញុំជឿថាប្រសិនបើខ្ញុំកាត់សក់ ខ្ញុំនឹងស្លាប់”។ លោកឈៀនជឿតាមជំនឿ Tu An Hieu Nghia (លំអាននៃបំណុលគុណទាំងបួន) ដែលជាជំនឿសាសនាប្រជាប្រិយមួយរបស់វៀតណាម ដែលពេញនិយមនៅតាមតំបន់ដីសណ្ដទន្លេមេគង្គ។
គាត់រុំសក់របស់គាត់ជាមួយមួកក្រណាត់ពីរ ហើយលាងវាម្តងក្នុងមួយសប្តាហ៍ដោយមានការជួយពីកូនប្រុសស្រីរបស់គាត់៕
លោកង្វៀន វ៉ាន់ឈៀន ជាប់ជាបុរសចម្លែកបំផុតមួយប្រចាំឆ្នាំ២០២០របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ