ដោយ: ម៉េងឆៃ/ ភ្នំពេញ: កាលពីព្រឹកព្រលឹមថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៧នាក់ បានជាសះស្បើយ។ ក្នុងចំណោមនោះ មានអ្នកជាសះស្បើយ ៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ជាសរុបគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២៨វិច្ឆិកា មានអ្នកឆ្លងកូវីដ សរុបចំនួន ៤១នាក់។ ប៉ុន្តែមកដល់ថ្ងៃទី១៥ធ្នូ ក៏មានអ្នកជាសះស្បើយ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនឡើងដល់ ៨នាក់ហើយ។ នោះគឺកាលពីថ្ងៃទី១៤ធ្នូ ជាសះស្បើយ ៣នាក់ ដែលអ្នកជំងឺកូវីដ ជាដំបូងគេ គឺលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលត្រូវបានរកឃើញថា ជាអ្នកឆ្លងដំបូងគេ ក្នុងក្រុមគ្រួសាររបស់លោក។ ចំណែក នៅថ្ងៃទី១៥ធ្នូ គឺមានអ្នកជាសះស្បើយពីកូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន ៥នាក់ថែមទៀត។
ដោយឡែក កាលពីថ្ងៃទី១៥ធ្នូម្សិលមិញ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ទៀតដែលជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ។ នោះគឺ ស្ត្រីជនជាតិខ្មែរអាម៉េរិកកាំង អាយុ ៦២ឆ្នាំ បានធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក មកដល់កម្ពុជា កាលពីថ្ងៃទី២៦ខែវិច្ឆិកា ។ ចំណែកម្នាក់ទៀត ជាបុរសជនជាតិអាម៉េរិកកាំង អាយុ ៤២ឆ្នាំជាអ្នកដំណើរមកពីប្រទេស ចិន មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ។
ក្រុមគ្រូពេទ្យកម្ពុជា(រូបឯកសារ)
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់។ ក្នុងនោះ អ្នកជាសះស្បើយ មានចំនួន ៣១៩នាក់ និង ៤៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ( ២៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១០នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ និង ៧នាក់ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន)។
បើមើលពីស្ថានភាពឆ្លងសហគមន៍ គឺចាប់ទាំងពីថ្ងៃទី១១ ខែធ្នូ ការធ្វើតេស្ត នៅតែបន្ត ហើយនៅថ្ងៃទី១២-១៣ ខែធ្នូ គឺជាការធ្វើតេស្ត លើកទី៣ ចុងក្រោយ លើក្រុមអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២៨វិច្ឆិកា រហូតដល់ជាង ១ម៉ឺន៨ពាន់នាក់។ ប៉ុន្តែលទ្ធផល គឺអវិជ្ជមានទាំងអស់។
ទើបតែនៅថ្ងៃទី១៤ ខែធ្នូប៉ុណ្ណោះ ដែលមានកុមារាម្នាក់ អាយុ ១ឆ្នាំ បានឆ្លងពីម្តាយ ដែលត្រូវបានរកឃើញឆ្លងជំងឺកូវីដ កាលពីថ្ងៃទី២៩ ខែធ្នូ។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ចេញមកប្រកាសជូនជនរួមជាតិ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូថា រាជរដ្ឋាភិបាល អាចគ្រប់គ្រងបានហើយ ក៏ប៉ុន្តែហេតុការណ៍នេះ មិនទាន់បិទបញ្ចប់ទាំងស្រុងនោះទេ។
ការគ្រប់គ្រងបានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាគឺអ្នកជំងឺកូវីដត្រូវបានរកឃើញជាបន្តបន្ទាប់ហើយនាំមកសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ រហូតដល់ជាសះស្បើយជាហូរហែ។ ចំណែកអ្នកប៉ះពាល់ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា ដែលអ្នកជំងឺកូវីដ បានធ្វើដំណើរទៅ មុនពេលរកឃើញថា មានផ្ទុកជំងឺកូវីដនោះទេ គឺត្រូវបាននាំមកធ្វើតេស្ត និងធ្វើចត្តាឡីស័កយ៉ាងហ្មត់ចត់។ អ្នកនៅតាមបណ្តាខេត្តទាំងអស់នោះមិនមានរកឃើញនរណាម្នាក់ឆ្លងជំងឺកូវីដនេះនៅឡើយសូម្បីតែឪពុកម្តាយក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ នៅអ្នកលឿង ខេត្តព្រៃវែង ក៏បានធ្វើតេស្តហើយរកមិនឃើញឆ្លងជំងឺកូវីដពីកូននេះឡើយ។យ៉ាងណាក៏ដោយអ្នកប៉ះពាល់ទាំងអស់ បន្តធ្វើចត្តាឡីស័ក ឲ្យគ្រប់ ១៤ថ្ងៃ និងឆ្លងកាត់ការធ្វើតេស្តឲ្យគ្រប់ ៣ដង ជាកំហិត ទើបអាចបញ្ជាក់ច្បាស់ថា មិនមានឆ្លងពិតប្រាកដ។
ចំណែកការមិនទាន់អាចបិទបញ្ចប់បានទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២៨វិច្ឆិកា ដោយសារតែក្រសួងសុខាភិបាល នៅបន្តស្រាវជ្រាវរកអ្នកប៉ះពាល់បន្ថែមទៀត នៅទីកន្លែង ដែលអ្នកជំងឺកូវីដ បានធ្វើដំណើរទៅ នៅមុនពេលរកឃើញផ្ទុកជំងឺកូវីដ។ រីឯនៅអ្នកប៉ះពាល់មួយចំនួនទៀត ដែលបានរកឃើញជាបន្តបន្ទាប់ ក៏បានធ្វើតេស្ត និងបន្តធ្វើចត្តាឡីស័ក មិនទាន់គ្រប់ ១៤ថ្ងៃ នៅឡើយ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសថា មានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ មុនពេលរកឃើញថា មានវីរុសកូវីដ១៩ ធ្លាប់បានទៅអង្គុយពិសាកាហ្វេ នៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅផ្ទះលេខ ១២៥ ផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥:៣០ រសៀលនាថ្ងៃទី៤ ខែធ្នូ ។
ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី៤ ខែធ្នូ វេលាម៉ោង ១៥:៣០ ដល់ម៉ោង ១៦:០០រសៀល សូមអញ្ជើញទៅធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ៖ 012 825 424 ឬ 012 488 981 ឬ 012 836 868។
ក្រសួងសុខាភិបាល ក៏បានលើកឡើងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ មានសំណាកសរុប ១១៣៦សំណាក់ ដែលក្នុងនោះ មាន ៩១៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាក ចំនួន ២២៤សំណាកទៀត ដែលត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៦ ខែធ្នូនេះ។
ក្រុមគ្រូពេទ្យកម្ពុជា(រូបឯកសារ)
ជារួម ទោះបីជារាជរដ្ឋាភិបាល អាចគ្រប់គ្រងបានលើព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២៨វិច្ឆិកាក៏ពិតមែន ប៉ុន្តែការស្រាវជ្រាវរកអ្នកប៉ះពាល់ រួមទាំងការធ្វើតេស្ត និងធ្វើចត្តាឡីស័ក សម្រាប់អ្នកប៉ះពាល់ ក៏នៅតែបន្តនៅឡើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង បន្តការរស់នៅតាមគន្លងថ្មី ដូចដែលបានប្រកាន់យក តាមវិធានសុខាភិបាល។ នោះគឺការរស់នៅមានអនាម័យ ជាពិសេសបន្តលាងសម្អាតដៃ នឹងសាប៊ូទឹកស្អាត ឬអាល់កុល ឬជែលសម្លាប់មេរោគ ពាក់ម៉ាស់ពេលធ្វើដំណើរ និងនៅកន្លែង ដែលមានមនុស្សច្រើន ព្រមទាំងបន្តរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល យ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ឃ្លាតពីម្នាក់ ទៅម្នាក់ ហើយបើមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ ព្រមទាំងបន្តផ្អាករាល់ការជួបជុំ ដែលមានមនុស្សច្រើន។
សូមបន្តប្រុងប្រយ័ត្ន! ហើយបន្តខ្លាចឆ្លងកូវីដ ដោយតាំងខ្លួនជាអ្នកចាញ់! តាមរយៈការអនុវត្តវិធីសាមញ្ញៗ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតពីគ្នា យ៉ាងហោច ១ម៉ែត្រកន្លះ។ សូមកុំភ្លេច មានតែវិធីការពារទេ ទើបប្រសើរជាងព្យាបាល៕សរន