ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសនៅថ្ងៃនេះអំពីវិនិយោគចុងក្រោយបំផុតរបស់ខ្លួនទៅក្នុងក្រុមហ៊ុន Banhji ដែលជាកម្មវិធីហិរញ្ញវត្ថុ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និង ក្រុមហ៊ុន DRVR ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទិន្នន័យវិភាគ យានយន្ដដឹកជញ្ចូន និងយានយន្តដឹកអ្នកដំណើរ។
វិនិយោគិនទាំងពីរ បានធ្វើឲ្យមូលនិធិអាជីវកម្មរបស់ SADIF ពង្រីកខ្លួនជាមួយដៃគូអាជីវកម្មឌីជីថលឆ្នើមៗរហូតដល់ទៅ ១០ ក្រុមហ៊ុន ដោយមានក្រុមហ៊ុនដូចជា៖ Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុន GoGames ក្រុមហ៊ុន Sala Tech ក្រុមហ៊ុន Okra Solar ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Agribuddy។
ទាក់ទងនឹងការបញ្ជូលក្រុមហ៊ុនទាំង២នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា «ការវិនិយោគរបស់យើងទៅលើក្រុមហ៊ុន Banhji និង ក្រុមហ៊ុន DRVR បង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យា ដែលជួយឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវទាក់ទងក្នុងការប្រើប្រាស់ទិន្នន័យ។ កម្មវិធីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Banhji មានគោលបំណងកាត់បន្ថយគម្លាតហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតតូច និងមធ្យមបានជួបប្រទះនៅកម្ពុជា ដោយបង្កើនភាពជឿជាក់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម។ កម្មវិធី Internet of Things និងកម្មវិធីវិភាគទិន្នន័យរបស់ក្រុមហ៊ុន DRVR មានគោលបំណងកាត់បន្ថយការចំណាយលើការគ្រប់គ្រង និងបង្ការគ្រោះថ្នាក់លើដងផ្លូវចំពោះសេវាដឹកជញ្ចូនរបស់អតិថិជន។
លោក ស៊ឹម ចាន់គីរីរត្ន សហស្ថាបនិក ក្រុមហ៊ុន Banhji បានឲ្យដឹងថា «យើងបានបង្កើតក្រុមហ៊ុន Banhji ជាមួួយនឹងបេសកកម្មមួយដែលអនុញ្ញតសហគ្រាសខ្នាតតូច និងមធ្យម ចូលរួមក្នុងបរិយាបន្នហិរញ្ញវត្ថុ។ ក្នុងមូលនិធិ SADIF យើងបានស្វែងរកដៃគូដែលមិនត្រឹមតែចែករំលែកបេសកកម្មនិងគុណតម្លៃរបស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានបទពិសោធន៍ដើម្បីជួយពន្លឿនវឌ្ឍនភាពរបស់យើងផងដែរ ដូច្នេះយើងអាចជួយបន្ថែមទៀត ដល់អតិថិជននាពេលបច្ចុប្បន្ន និង អតិថិជនថ្មី។»។
លោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា «សហគ្រាសខ្នាតតូច និងមធ្យម គឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏ខ្លាំងមួយនិងជាកត្តាជំរុញអត្រាការងារនៅកម្ពុជាប៉ុន្តែពួកគេប្រឈមនឹងភាពគ្មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ក្រុមហ៊ុន Banhji បានបង្កើតដំណោះស្រាយក្នុងស្រុក ដើម្បីបម្រើដល់សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា ដើម្បីបង្កើតរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដោយហេតុនេះ នឹងជួយបង្កើនឱកាសហិរញ្ញប្បទានរបស់ពួកគេ។
លោក Charles Cheo អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Forte Insurance ដែលបានចូលរួមជាមួយមូលនិធិ SADIF បានបន្ថែមថា៖ «ការវិភាគទិន្នន័យ គឺជាកត្តាដ៏សំខាន់មួយសម្រាប់ផលិតផល ដែលប្រើប្រាស់នឹងពឹងពាក់លើទិន្នន័យ និងនិតិវិធី ទាមទារសំណងធានារ៉ាប់រង ប្រកបដោយប្រសិទ្ធភាពនៅក្នុងវិស័យធានារ៉ាប់រង។ ដោយបូកបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុង របៀបយើងធ្វើការ យើងផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់យើងតាមរយៈបច្ចេកវិទ្យា និងអនុញ្ញាតឱ្យផ្លាស់ប្ដូរឆាប់រហ័សដោយប្រើប្រាស់ទិន្នន័យ។ ដូចនោះ ក្រុមហ៊ុន Forte ទន្ទឹងរងចាំធ្វើការជាមួយក្រុមហ៊ុន DRVR ដើម្បីអនុវត្តដំណោះស្រាយសម្រាប់អតិថិជន និងទីផ្សាររបស់យើង។»
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន DRVR លោក David Henderson បានមានប្រសាសន៍ថា «ក្រុមហ៊ុន DRVR មានសេចក្តីសោមនស្សរីករាយ ដែលបានទទួលវិនិយោគនេះ និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយមូលនិធិSADIF។ យើងទន្ទឹងរង់ចាំ ផ្តល់ដំណោះស្រាយរួមគ្នានូវ ប្រព័ន្ធដំណោះស្រាយ តេឡេមាទិច (Telematics) ចល័តដំបូងបង្អស់ជាមួយក្រុមហ៊ុន Forte និងក្រុមហ៊ុន Smart Axiata។ ការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុន Forte នឹងអនុញ្ញាតឱ្យយើងពង្រីកសេវាកម្ម និងប្រតិបត្តិការរបស់យើងចូលទៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការពង្រីកក្នុងតំបន់របស់យើង។ យើងមើលឃើញសក្តានុពលដ៏ធំធេង សម្រាប់ការរីកចម្រើន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅទូទាំងតំបន់អាស៊ានផងដែរ។»
ក្រុមហ៊ុន DRVR ក៏ទទួលបានពានរង្វាន់ជាក្រុមហ៊ុនល្អបំផុត ផ្នែក Best IoT Startup ក្នុងពិធី Rice Bowl អាស៊ាន (ASEAN Rice Bowl) ប្រទេសថៃ ឆ្នាំ ២០១៨ និងពានរង្វាន់ ក្រុមហ៊ុនទើបបង្កើតថ្មីល្អបំផុង នៅប្រទេសថៃ (Best New Company at King Power Thailand) នៅឆ្នាំ ២០១៩៕