ប្រែសម្រួល : កញ្ញាដាលីស ៖ មនុស្សរាប់រយនាក់បានចូលរួមក្នុងកម្មវិធី “បាតុកម្មដើម្បីសេរីភាព” នៅទីក្រុងតូចមួយក្នុងរដ្ឋវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបន្ទាប់ពីចៅហ្វាយក្រុងរបស់ខ្លួនបានបដិសេធមិនអនុវត្តការរឹតត្បិតទប់ស្កាត់កូវីដ១៩របស់រដ្ឋ ដែលគ្របដណ្តប់លើអាជីវកម្មនានា ដោយលើកឡើងពី “សិទ្ធិរដ្ឋធម្មនុញ្ញនៃទីក្រុងតូចរបស់អាម៉េរិក”។
ហ្វូងមនុស្សបានចូលរួមបាតុកម្មដែលមានឈ្មោះថា “អ្នកបន់ស្រន់ស្នេហាជាតិ” ក្នុងទីប្រជុំជនម៉ូសស៊ីរ៉ក់ដែលជាសហគមន៍ជនបទតូចមួយនៅតំបន់ល្វីសខោនធីនៅចន្លោះទីក្រុងស៊ីអាថលនិងទីក្រុងផតលែន ដោយក្រុមបាតុករដែលគ្មានម៉ាស់ បានគ្រវីទង់និងស្រែកប្រឆាំងនឹង “ការគៀបសង្កត់របស់រដ្ឋាភិបាល”។
អ្នកចូលរួម ដែលភាគច្រើនមកពីក្រៅទីក្រុង ត្រូវបានលើកទឹកចិត្តឱ្យចំណាយប្រាក់នៅក្នុងភោជនីយដ្ឋានក្នុងទីក្រុងនេះ ដែលណែនទៅដោយមនុស្សគ្មានម៉ាស់ ផ្គើនទៅនឹងការរឹតត្បិតរបស់រដ្ឋ។
ការតវ៉ានេះកើតឡើងបន្ទាប់ពីក្រុងនេះបានបោះឆ្នោតដោយមិនរំពឹងទុកកាលពីខែមុនដើម្បីមិនអើពើនឹងការរឹតបន្តឹងអាជីវកម្មទូទាំងរដ្ឋរបស់លោកអភិបាលរដ្ឋវ៉ាស៊ីនតោន ឈ្មោះ ជេ អ៊ីនស្លេ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា។
ការរឹតត្បិតរបស់លោកអ៊ីនស្លេគឺហាមឃាត់ភោជនីយដ្ឋានរង្គសាលនិងកន្លែងហាត់ប្រាណមិនឱ្យផ្តល់សេវាកម្មនៅខាងក្នុងនិងកំណត់ចំនួនមនុស្សនៅក្នុងហាងលក់រាយ។ច្បាប់នេះត្រូវបានអនុវត្តចំពោះគ្រប់ទីក្រុងនៅរដ្ឋវ៉ាស៊ីនតោនទាំងអស់រហូតដល់ថ្ងៃទី ៤ ខែមករា។
អាជីវកម្ម ដែលមិនគោរពតាម នឹងរងការពិន័យសរុបរាប់សិបពាន់ដុល្លារ។
ប៉ុន្តែអភិបាលក្រុងលោក រ៉ាន់ដាល់ សាសសឺ បានចុះហត្ថលេខាលើបទប្បញ្ញត្តិមួយដោយនិយាយថា អាជីវកម្មអាចនៅបើកទ្វារបាន ដោយផ្គើននឹងបទបញ្ជារបស់រដ្ឋ ព្រោះលោកសម្អាងថាមន្ត្រីរដ្ឋបដិសេធមិនផ្តល់ទិន្នន័យអំពីចំនួនករណីឆ្លងនៅក្នុងទីក្រុង ដែលមានប្រជាជនរស់នៅ ៨០០ នាក់នេះ៕
ទីក្រុងម៉ូសស៊ីរ៉ក់នៅតែឱ្យអាជីវកម្មនានាបើកដំណើរការធម្មតា