ដោយ: សរិទ្ធ / ភ្នំពេញ: ក្មេងស្ទាវមួយក្រុមបានដេញវាយ និងកាប់យុវជនម្នាក់ រងរបួសចំខ្នងខាងក្រោយធ្ងន់រហូតដួលសន្លប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូល សម្តេចសង្ឃ ជួនណាត កាលពីវេលា ម៉ោង ១០:៤០យប់ ទី ១៥ ខែធ្នូ ឆ្នាំ ២០២០នេះ ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
មិត្តភក្ដិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេរួមទាំងជនរងគ្រោះសរុប៥នាក់ បានអង្គុយនិយាយគ្នាលេងកន្លែងលក់ពោតលីងរបស់មិត្តម្នាក់ទៀត តាមផ្លូវសួនច្បារទល់ មុខមជ្ឈមណ្ឌល កំសាន្ត ឌ្រីមលែនឌ៍ (ចាស់)។ ពេលកំពុងជជែកគ្នាលេង ស្រាប់តែមានក្មេងស្ទាវមួយក្រុម បានជិះម៉ូតូមកខាងមុខកន្លែងខ្លួនអង្គុយ។ បន្ទាប់មកបក្ខពួកក្រុមជនបង្កវ័យស្ទាវៗជាច្រើននាក់ នាំគ្នាចុះពីលើម៉ូតូរត់សំដៅមករកពួកគេ។ ឃើញបែបនេះ ស្រែកប្រាប់គ្នាឲ្យរត់យករួចខ្លួនទើបសំដៅទៅរកកន្លែង មនុស្សច្រើនហើយស្រែកហៅអោយគេជួយ។
ប្រភពដដែលបន្តថា តែពេលនោះ ក្រុមក្មេងស្ទាវ ដែលប្រដាប់ដោយដាវ និងខ្សែក្រវ៉ាត់ បានធ្វើ សកម្មភាពកាប់ភាគី ខាងជនរងគ្រោះ បណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ឈ្លូញ អាយុ ២០ឆ្នាំ ដែលជាអ្នកលក់ពោតលីង រងរបួសចំខ្នងខាងក្រោយធ្ងន់ធ្ងរហូរឈាមពេញខ្លួន ហើយខំប្រឹងរត់គេចពីក្រុមជនបង្ក បានប្រហែល១០០ម៉ែត្រ ទៅដល់ជិតរង្វង់មូលសម្ដេចសង្ឃជួនណាត ក៏ ដួលសន្លប់ក្នុងថ្លុកឈាម កណ្តាលថ្នល់តែម្ដង។ ចំណែកឯក្រុមជនបង្កបន្ទាប់ពីបានធ្វើ សកម្មភាព រួច ក៏ នាំគ្នាជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ បន្តិចក្រោយមក ក៏មានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុងការណ៍ បានមកដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ព្រោះជនរងគ្រោះមាន ស្ថានភាព របួសធ្ងន់ធ្ងរ ខ្លាំង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅបុរសជាមិត្តភក្តិជនរងគ្រោះទៅសាកសួរដំណើររឿង ហេតុ និងទទួលពាក្យ បណ្តឹង ដើម្បីកំណត់មុខសញ្ញា ស្រាវជ្រាវរកក្រុមជនបង្ក យកមកចាត់ការតាមច្បាប់៕សរន