Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​តម្លៃ​ប្រេងស...

​តម្លៃ​ប្រេងសាំង កើន​ដល់ ៣.១៥០ រៀល ក្នុង​មួយ​លីត្រ​

​ដោយៈ ពៅ និមល / ភ្នំពេញ​: ក្រសួងពាណិជ្ជកម្ម បាន​រាយការណ៍​ថាៈ ក្នុង​ចន្លោះ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ បាន​កើន​ដល់ ៣.១៥០ រៀល សម្រាប់​ប្រេងសាំង​ធម្មតា ខណៈដែល​ពីរ​សប្តាហ៍ កន្លងទៅ ថ្លៃ ៣.០០០ រៀល ក្នុង​មួយ​លីត្រ​។ រីឯ​ប្រេងម៉ាស៊ូត កើន​តម្លៃ​ដូចគ្នា រហូតដល់ ២.៨៥០ រៀល ក្នុង​មួយ​លីត្រ​។​

​នៅក្នុង​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​រៀបរាប់ថាៈ ផ្អែក​តាម​តម្លៃ​មធ្យម ប្រេងឥន្ធនៈ លើ​ទីផ្សារ​ថ្លៃ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​១៦ ដល់ ៣១ ខែធ្នូ នឹងត្រូវ​លក់ ៣.៣១០ រៀល ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៣.០១០ រៀល សម្រាប់​ប្រេងម៉ាស៊ូត ។ ក្នុងនោះ ដើម្បី​ជួយ​សម្រួល ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក ពី​ក្រុមហ៊ុន​ចែកចាយ ប្រេងឥន្ធនៈ នៅ​កម្ពុជា ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះ​ថ្លៃ លក់រាយ​ប្រេងឥន្ធនៈ ចំនួន ៤ សេន​ដុល្លារ ក្នុង​មួយ​លីត្រ​។

​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ថាៈ ទាក់ទង​នឹង​តម្លៃ​ប្រេង ក្រសួង​មិនមែនជា​អ្នកកំណត់ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា តាម​ប្រកាស​ដូច​មាន ក្នុង​ឯកសារ នាពេល​កន្លងមក​។​

​គួររម្លឹកថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ កាលពី​ថ្ងៃទី​១ ដល់ ១៥ ខែធ្នូ កន្លងទៅ សម្រាប់​ប្រេងសាំង​ធម្មតា ថ្លៃ ៣.០០០ រៀល ក្នុង​មួយ​លីត្រ​។ ដោយឡែក ប្រេងម៉ាស៊ូត ថ្លៃ ២.៧៥០ រៀល ក្នុង​មួយ​លីត្រ​៕/V​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular