ដោយៈប.ខុន//ភ្នំពេញៈសំរាមពីទីទួលសាធារណៈ ដែលធ្លាប់តែហូរតាមទឹកអូរព្រែក នៅ ពេលមានភ្លៀងធ្លាក់ ចូលទៅក្នុងសមុទ្រ រួចអណ្តែតរសាត់មកកាន់ឆ្នេរវិញនៅក្រុង ព្រះសីហនុ ត្រូវបានធ្វើការទប់ស្កាត់ដោយទ្រុងសំណាញដែក នៅតាមផ្លូវទឹកហូរ ចូលសមុទ្រ។
សំរាមច្រើនតោនត្រូវបានចាប់មិនឱ្យហូរចូលសមុទ្រពេលមានភ្លៀង
លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ១៦ខែធ្នូថាភ្លៀងមួយមេកាលពីយប់មិញ(១៦ធ្នូ)សំរាមហូរចូលពេញអូរស្តេចមឹក,ផ្លូវលេខ៣០១តែមិនបានហូរធ្លាក់ចូលទៅដល់ក្នុងសមុទ្រទេដោយសារយើង(គួចចំរើន)បានធ្វើទ្រុងចាប់សំរាមដាក់នៅតាមផ្លូវទឹកសំខាន់ៗរួច។លោកអភិបាលខេត្តបានបញ្ជាក់ថាទ្រុងចាប់សំរាមដាក់នៅតាមព្រែកនិងអូរដែលជាផ្លូវទឹកហូរចូលសមុទ្រនេះ កែច្នៃដោយមន្ទីរធនធានទឹកខេត្តព្រះសីហនុ ។ នៅពេលខាងមុខត្រូវធ្វើបន្ថែមទៀតសម្រាប់ដាក់នៅផ្លូវទឹកអូរសំអាតនិងផ្លូវ ទឹកអូរអណ្តូងអ៊ុនតាក់។ សំរាមទាំងនេះបើមិនបានស្ទាក់ទេវាហូរធ្លាក់ចូលទៅក្នុង សមុទ្ររួចអណ្តែតមកទើរនៅលើឆ្នេរវិញ។
លោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៦ខែធ្នូថា ទ្រុងចាប់សំរាមនៅតាម អូរនិងព្រែកដែលបានធ្វើរួចមានចំនួន៥ ដាក់នៅតាមអូរនិងព្រែកសំខាន់ៗដែល មា នទឹកភ្លៀងហូរធ្លាក់ចូលសមុទ្រ ។ ទ្រុងដែកចាប់សំរាមនេះ មានសំរាមពេញៗ នៅ មានភ្លៀងច្រើនម្តងៗចំនួនរាប់តោន ។ កាលពីយប់មិញមានភ្លៀងធ្លាក់ដល់ កម្រិត២៧មីលីម៉ែត្រ ធ្វើឱ្យសំរាមចូលពេញទ្រុង ។ ពេលទឹកស្រកអស់សំរាមនៅ ពេញទ្រុងនិងពីមុខទ្រុងត្រូវប្រើកម្លាំងពលកម្មនិងគ្រឿងចក្រដាក់យកចេញ។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថា នៅមានផ្លូវទឹកតូចៗមួយចំនួន ទៀតមិនទាន់បានធ្វើទ្រុងចាប់សំរាមទេ ។ សំរាមហូរចូលអូរនិងព្រែកនេះ ជាសំ រាមនៅតាមទីទួលសាធារណៈ បានហូរមកតាមទឹកពេលមានភ្លៀងខ្លាំង មិនមែន ជាសំរាមនៅតាមផ្ទះទេ។បញ្ហាសំរាមនៅតាមឆ្នេរដែលរសាត់មកពីក្នុងសមុទ្រនៅពេលចុងក្រោយនេះមិនសូវឃើញមានច្រើនដូចកាលពីមុនទៀតឡើយ ចាប់ តាំងពីលោកគួច ចំរើន អភិបាលខេត្ត បានឱ្យធ្វើការកែច្នៃទ្រុងឬកន្ត្រក់សំរាប់ចាប់សំរាមដាក់នៅតាមអូរនិង ព្រែកដែលជាផ្លូវទឹកភ្លៀងហូរចូលសមុទ្ររួចមក៕
សំរាមច្រើនតោនត្រូវបានចាប់មិនឱ្យហូរចូលសមុទ្រពេលមានភ្លៀង