ដោយៈ សរិទ្ធ / ភ្នំពេញៈ រថយន្តស្ទូចមួយគ្រឿង បានបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូ ខ្ទាតចូលក្រោមរថយន្ត រងរបួសធ្ងន់កាលពីម៉ោង ១១ ព្រឹក ថ្ងៃទី១៦ ខែធ្នូ នៅចំណុចអក្សរ តេ ផ្លូវតាង៉ូវ ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថាៈ ជនរងគ្រោះ ភេទប្រុស មានវ័យប្រហែលជាង ២០ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានបើកម៉ូតូសង់ សេរី ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១B ៣៣ ៩៩ ធ្វើដំណើរតាមបណ្តោយផ្លូវតាង៉ូវ ក្នុងទិសដៅពីខាងជើង មកខាងត្បូង។ លុះមកដល់ផ្លូវកែងអក្សរ តេ មានរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២B ២៤២៤ ដែលបើកបរ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីខាងលិច មកខាងកើត បានបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូ ខ្ទាតចូលក្រោមរថយន្ត រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេដឹក យកទៅសង្គ្រោះភ្លាមៗ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានចាប់ខ្លួនបានហើយ។
លោកអធិការរង បានបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសាររថយន្ត មិនបង្អង់ល្បឿន ស្ថិតនៅផ្លូវអក្សរ តេ ដែលជាផ្លូវកែង តែងជួបគ្រោះថ្នាក់ ញឹកញាប់ណាស់៕/V/សរន