ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយ ផ្នែករដ្ឋបាលព្រៃឈើ រវៀង បានឃាត់រថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ដែលផ្ទុកឈើប្រណីតពេញ នៅត្រង់គីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រះវិហារ បានប្រាប់ឱ្យដឹងថាៈ ឈើដែលផ្ទុកនៅក្នុងរថយន្ត តូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ BC6332 នោះ គឺជាប្រភេទឈើប្រណិត ធ្នង់ ប៉ុន្តែមិនទាន់បានរាប់ចំនួនដុំ និងវាស់វែងនៅឡើយទេ។ វត្ថុតាងបទល្មើសទាំងនេះ ត្រូវបាននាំយក មករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ រវៀង ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕/V