ប្រែសម្រួល : កញ្ញាដាលីស ៖ ផលិតករភាពយន្តកូរ៉េខាងត្បូងដ៏ចម្រូងចម្រាសលោកគីម គីឌុក បានទទួលមរណភាពនៅអាយុ ៥៩ ឆ្នាំនៅក្នុងមន្ទីរពេទ្យប្រទេសឡេតូនីកន្លែងដែលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូងដោយលោក វីតាលី ម៉ានស្គី នាយកមហោស្រពភាពយន្តArtdocfestរបស់ឡេតូនីហើយក្រោយមកត្រូវបានបញ្ជាក់ដោយក្រុមគ្រួសាររបស់លោកគីមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។
លោកគីមបានកំពុងអភិវឌ្ឍគម្រោងខ្សែភាពយន្ដមួយនៅតំបន់បាល់ទិក នៅពេលគាត់ធ្លាក់ខ្លួនឈឺ។
កើតក្នុងឆ្នាំ ១៩៦០ លោកគីមបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញជាមួយឈុតឆាកឃោរឃៅប៉ុន្តែបង្កប់ដោយអត្ថន័យនៅក្នុងរឿងដូចជា The Isle (២០០០) និង Bad Guy (២០០១)ដែលរឿងក្រោយគេនេះត្រូវបានដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខភាពយន្តអង់គ្លេសសម្រាប់អំពើសាហាវព្រៃផ្សៃលើសត្វធាតុ។
បន្ទាប់មកគាត់បានក្លាយជាមនុស្សល្បីនៅលើឆាកមហោស្រពអន្តរជាតិជាមួយនឹងខ្សែភាពយន្តដូចជា Spring, Summer, Autumn, Winter … និង Spring (២០០៣) និងរឿង 3-Iron (២០០៤) ហើយគាត់បានបន្តឈ្នះពានរង្វាន់តោមាសនៅឯទីក្រុងវេនីសជាមួយ ខ្សែភាពយន្ត Pieta របស់លោកឆ្នាំ ២០១២ ដែលសារព័ត៌មាន Guardian បានពណ៌នាថាជា”ស្នាមញញឹមជាមួយនឹងកំហឹងនិងការឈឺចាប់ប្រចាំត្រកូលរបស់លោកគីម”។
ទោះយ៉ាងណា អាជីពដឹកនាំរឿងរបស់លោកគីមបានធ្លាក់ចុះវិញ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ ២០១៨ ពីបទបៀតបៀននិងរំលោភផ្លូវភេទដោយស្ត្រី ៣ នាក់រួមជាមួយអ្នកសម្របសម្រួលការសម្ដែងជាទៀងទាត់របស់គាត់គឺលោក ឆូ ជេយុន។ ការចោទប្រកាន់ប្រឆាំងនឹងលោកគីមត្រូវបានទម្លាក់ចុះដោយសារគ្មានភស្តុតាង ប៉ុន្តែលោកត្រូវបានពិន័យជាប្រាក់ចំនួន ៥ លានវ៉ុន។ បន្ទាប់មកលោកគីមបានប្តឹងអ្នកចោទប្រកាន់ម្នាក់និងអ្នកផលិតភាពយន្តឯកសារអំពីរឿងនេះ ពីបទបរិហារកេរ្តិ៍ ប៉ុន្តែបានចាញ់ក្តី។ លោកគីមបានថតចប់ខ្សែភាពយន្តមួយបន្ថែមទៀតបន្ទាប់ពីរឿងអាស្រូវនេះ ដែលនោះជាខ្សែភាពយន្តជាភាសារុស្ស៊ី រឿង Dissolve ដែលត្រូវបានថតនៅកាហ្សាក់ស្ថាន៕
លោកគីម គីឌុក ទទួលមរណភាពនៅអាយុ ៥៩ ឆ្នាំដោយសារកូវីដ១៩