ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោល និងបដិសេធ ចំពោះការផ្សាយរបស់ សារព័ត៌មាន Business9 ដែលធ្វើឲ្យមាន ការភ័ន្តច្រឡំ និងឲ្យធ្វើការកែតម្រូវជាបន្ទាន់ ចៀសវាងការភ័ន្តច្រឡំ ឬការបង្កឲ្យមានបញ្ហាណាមួយ លើកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឬពហុភាគី ជាមួយបណ្តាប្រទេសជាមិត្ត។
សារព័ត៌មាន Business9 បានផ្សព្វផ្សាយទាក់ទងនឹងការទិញវ៉ាក់សាំង ការពារវីរុសកូវីដ ១៩ “ដំណឹងល្អ ! កម្ពុជា បានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ១លានដូស ប៉ុន្តែមិនមែនជាផលិតផល ចិនទេ” ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថាៈ ការសរសេររបស់សារព័ត៌មាន Business9 គឺមានការយល់ច្រឡំហើយ សុំឲ្យម្ចាស់អត្ថបទ នៅក្នុង Business9 នេះ ធ្វើការកែតម្រូវជាបន្ទាន់។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ កម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូស បន្ថែមលើចំនួន វ៉ាក់សាំង ដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទូលបាន ២០% នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបាន ជាបឋម ក្នុងចំនួន ០៣% នៃ ២០% នៃចំនួនប្រជាជនកម្ពុជាសរុប ជាដំណាក់កាលៗ) ។ វ៉ាក់សាំង ដែលកម្ពុជា នឹងទទួលបាន តម្រូវឲ្យមាន ការវាយតម្លៃគុណភាព និងប្រសិទ្ធភាព ជាមុនដោយអង្គការសុខភាពពិភពលោក ទើបមជ្ឈមណ្ឌលកូវ៉ាក់ ធ្វើការបែងចែកមក បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក របស់មជ្ឈមណ្ឌលនេះ។ កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡើយទេ ដោយអាស្រ័យលើមជ្ឈមណ្ឌលកូវ៉ាក់ នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលណាដែរ ហើយអង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះ ជាមុននូវប្រសិទ្ធភាព និងគុណភាពវ៉ាក់សាំងនោះ ឲ្យបានរួចរាល់ជាមុនដែរ មុននឹងធ្វើការបែងចែក)។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថាៈ “ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំង ពីប្រទេសណាមួយ រួមទាំងប្រទេសចិន ផងដែរនោះ អាចផលិតបាន សម្រេចផលចុងក្រោយ ហើយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់ តាមការឯកភាពគ្នាជាមុននោះ ហើយអង្គការសុខភាពពិភលោក ក៏បានវាយតម្លៃប្រសិទ្ធភាព និងគុណភាព រួចរាល់ជាមុនដែរនោះ សមត្ថភាពនៃការបែងចែក នឹងត្រូវបានធ្វើ ទៅតាមសភាពជាក់ស្តែង នៃចំនួនវ៉ាក់សាំង ដែលទទួលបាន ដែលត្រូវបែងចែក ឲ្យទៅបណ្តាប្រទេស ដែលជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ នេះតែម្តង។ សូមកុំមានការពន្យល់ ឬបកស្រាយណាមួយ ដែលផ្ទុយទៅនឹងគោលការណ៍ ដែលកម្ពុជា បានប្រកាន់យក ជាពិសេសសូមលោកអ្នក មេត្តាកុំលើកយកប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងការណ៍ ជូនបងប្អូនជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ មកបកស្រាយខុសដូច្នេះអីណា។ បើចង់ខ្វូត (quote) ប្រសាសន៍សម្តេចតេជោ សូមមេត្តាលើកយក ចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឬការភ័ន្តច្រឡំណាមួយ ដែលអាចកើតមាន ជាឧទាហរណ៍ អត្ថបទដែលបានចុះផ្សាយ ដោយ Business9 នេះស្រាប់”។
អ្នកនាំពាក្យក្រសងសុខាភិបាល ស្នើសុំឲ្យមានការកែតម្រូវ ជាបន្ទាន់លើបញ្ហានេះ ចៀសវាងការភ័ន្តច្រឡំ ឬការបង្កឲ្យមានបញ្ហាណាមួយ លើកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឬពហុភាគី ជាមួយបណ្តាប្រទេសជាមិត្ត៕/V