ដោយៈបូព៌ព្រឹក្ស,ដេប៉ួ/ភ្នំពេញៈជាព័ត៌មានគួរជាទីត្រេកអរសម្រាប់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្សដោយក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ឲ្យជាប់ជាស្ថាពរដោយគ្មានការកំណត់និទ្ទេស។បើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។
សេចក្តីជូនដំណឹងដែលបានផ្សព្វផ្សាយនៅព្រលប់ថ្ងៃទី១៦ខែធ្នូនេះក្រសួងបានបញ្ជាក់ថាការសម្រេចបែបនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រសួងអប់រំបានបញ្ជាក់ថាបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១.១០៨នាក់ (ស្រី៦៣.៩០៨នាក់)។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០.៧៤៦នាក់ (ស្រី២៣.៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០.៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែកចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤.៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១.៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣.២៣៣បន្ទប់។
តាមកាលបរិច្ឆេទសិស្សប្រឡងបាក់ឌុបនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ប៉ុន្តែដោយសារការបង្ការជំងឺកូវីដ១៩ សម័យប្រឡងត្រូវលើកពេលទៅខែមករាឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រឡង។ សម្តេចតេជោ លើកឡើងបែបនេះដោយសារតែបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩៕សរន
បេក្ខជនចុះឈ្មោះប្រឡងឌីប្លូមនិងបាក់ឌុប ត្រូវបានប្រកាសឲ្យជាប់ជាស្ថាពរដោយមិនកំណត់និទ្ទេស(រូបឯកសារ)
បេក្ខជនចុះឈ្មោះប្រឡងឌីប្លូមនិងបាក់ឌុប ត្រូវបានប្រកាសឲ្យជាប់ជាស្ថាពរដោយមិនកំណត់និទ្ទេស(រូបឯកសារ)