Home ព័ត៌មានជាតិ សេដ្ឋកិច្ច ដាស់តឿន​មិន​ឲ...

ដាស់តឿន​មិន​ឲ្យ​ភ្លេចៈ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជា​ឲ្យអនុវត្ត​ការងារ​​ប្រាំ​ចំណុច​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈស្របពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​លោ​កក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រមទាំង​មន្ទីរ​ទេសចរណ៍​ទាំង ២៥ រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ ក្នុង​ការចុះពង្រឹង តាមដាន និង​កែសម្រួល​បែបបទ​នៃ​ការអនុវត្ត​ការងារ​តាម​គន្លង​ថ្មី​។​ការដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៦ ខែធ្នូ៕

បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រមទាំង​មន្ទីរ​ទេសចរណ៍​ទាំង ២៥ រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ ក្នុង​ការចុះពង្រឹង តាមដាន និង​កែសម្រួល​បែបបទ​នៃ​ការអនុវត្ត​ការងារ​តាម​គន្លង​ថ្មី​(រូបថតក្រសួង)

​ផេ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែធ្នូ ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រជុំ លោក​បណ្ឌិត ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ណែនាំ​បញ្ជា​ឲ្យ​យក ចិត្ត​ទុកដាក់​លើ​ប្រាំ​ចំណុច​។​ក្នុងនោះ​១. បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​គោលដៅ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នៅ​ទូទាំង​រាជធានី​-​ខេត្ត​ទាំង ២៥ ដើម្បី​ចូលរួម​បង្ការ​-​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​២. ណែនាំ​ឱ្យ​ផ្នែក​ជំនាញ​សិក្សា​បង្កើន និង​ពង្រឹង​ផលិតផល​ទេសចរណ៍ ពិសេស​ទេសចរណ៍ តាមបែប​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដែល​អាច​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី នៅក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​៣. ត្រៀម​រៀបចំ​ជា​បណ្ដើរៗ​នូវ​ចលនា​ទេសចរណ៍ ដែល​អាច​បន្ត និង​ត្រលប់​មកវិញ​បាន បន្ទាប់ពី​ពិភពលោក​ទទួលស្គាល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ជា​ផ្លូវការ ខណៈ​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​សុទិដ្ឋិនិយម​ថា អាច​នឹងមាន​វ៉ាក់សាំង​ទទួលស្គាល់​ជា​ផ្លូវការ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​។​៤. ពង្រឹង​ការអនុវត្ត​កិច្ចការ រដ្ឋបាល​គ្រប់គ្រង​មន្ត្រីរាជការ ដោយ​បញ្ចូល​បែបបទ​នៃ​ការអនុវត្ត​គន្លង​ថ្មី ពោលគឺ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការពាក់​ម៉ាស់ រៀងរាល់​ម៉ោង​ធ្វើការ រក្សា​គម្លាត​សុវត្ថិភាព ចេញចូល​ត្រូវ​វាស់​កម្ដៅ និង​ត្រូវ​បាញ់​អាកុល​ជានិច្ច ហើយ​ត្រូវ​តាមដាន​អាកា​រៈ​ខ្លួនឯង ប្រសិនបើ​មាន​ជំងឺ​ផ្ដាំ​សាយ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកដទៃ ឬក៏​មាន​សញ្ញា​សង្ស័យថា មាន​ជំងឺ​កូ​វីដ​១៩ ត្រូវ​ទៅធ្វើ​តេស្ត​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ ឬ​ស្វែងរក​ការព្យាបាល​ជាដើម​។​
​ទី​៥.​ជា​ចំណុច​ចុងក្រោយ​គឺ​ត្រូវ ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​គោលដៅ​ទេសចរណ៍​ទូទាំង ២៥ រាជធានី​-​ខេត្ត ពិសេស​មូលដ្ឋាន​អាជីវកម្ម​ខ្នាតតូច ដែល​បច្ចុប្បន្ន​សង្កេតឃើញ​ថា ភាគច្រើន​ជា​ប្រភេទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ក្នុងស្រុក​លក្ខណៈ​គ្រួសារ​។ ត្រង់ចំណុច​នេះ​លោ​លក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ក្រសួង​បន្ថែម ដើម្បី​ចុះជួយ​ជំរុញ​ការអនុវត្ត​នេះ​ដល់​មូលដ្ឋាន​ថ្នាក់ក្រុង​-​ស្រុក​និង​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋបាល​ថ្នាក់ក្រុង​-​ស្រុក​ក្នុងការ​អនុវត្ត​កិច្ចការ​នេះ​។​


​សូមជម្រាបថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ លទ្ធផល​ការងារ​ចុះ​វាយតម្លៃ និង​ផ្តល់​ឡា​ប៊ែ​ល​បញ្ជាក់ ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទូទាំងប្រទេស​សរុប​ចំនួន ១.៤១៦ ទីតាំង ក្នុងនោះ​រួមមាន សេវាកម្ម​សណ្ឋាគារ​អនុវត្តបាន​ចំនួន ២៦៧ ទីតាំង សេវាកម្ម​ផ្ទះ​ភ្ញៀវ​អនុវត្តបាន​ចំនួន ៤២៧ ទីតាំង សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​អនុវត្តបាន​ចំនួន ៥៨៩ ទីតាំង សេវាកម្ម​រមណីយដ្ឋាន​ទេសចរណ៍​អនុវត្តបាន​ចំនួន ៤១ ទីតាំង សេវាកម្ម​សហគមន៍​ទេសចរណ៍​អនុវត្តបាន​ចំនួន ១៨ ទីតាំង សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​អនុវត្តបាន​ចំនួន ៦០ ទីតាំង សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក​អនុវត្តបាន​ចំនួន ៣ ទីតាំង និង​សេវាកម្ម​ការី​ទេសចរណ៍​ក្នុងស្រុក​អនុវត្តបាន​ចំនួន ១១ ទីតាំង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular