ដោយ: ប.ជ័យ / បន្ទាយមានជ័យ: មន្ត្រីក្រុមការងារខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះសម្របសម្រួល ដោះស្រាយវិវាទ ក៏ដូចជាសំណូមពររវាងអាជីករលក់ដូរនិងភ្នាក់ងារសន្តិសុខ ហើយក៏ជាអ្នកហូតភាស៊ីនៅវិថីម្ហូបអាហារប៉ែកខាងកើត នៃសួនមានជ័យ ឬវេទិកាខេត្ត នាកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងជាតំណាងអាជ្ញាធរខេត្តលើការគ្រប់គ្រងវិថីម្ហូបអាហាររបសសួនមានជ័យ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ ថា៖ ក្រោយពីមានបាតុភាពវិវាទគ្នារវាងអាជីវករលក់គ្រឿងក្លែម និងភ្នាក់ងារសន្តុសុខ និងក៏អ្នកហូតភាស៊ីនៅវិថីម្ហូបអាហារ ដូចខាងលើប៉ុន្មានថ្ងៃ ជាប់គ្នាៗមក លោកនិងមន្ត្រីក្រុមការងារខេត្តបានចុះដល់ទីតាំងសម្របសម្រួលដោះស្រាយ ។
អាជីវករលក់គ្រឿងក្លែមចោទប្រកាន់ថា៖ ភ្នាក់ងារសន្តិសុខបានបង្កការលំបាក រករឿងកោសរូសខ្លួន ហើយទីបំផុតក៏បង្វែរទៅជាថាត្រូវបើកច្រកផ្លូវថ្មីនិងធ្វើរនាំងសងខាង ជាហេតុធ្វើអោយខ្លួនបាត់បង់កន្លែងលក់ដូរ ប្រកបរបរដើម្បីចិញ្ចឹមក្រពះ។ អាជីវករថា បាតុភាពនេះអាចផ្តើមចេញពីទារលុយបន្ថែមមិនបាន ហើយបែរជាបើកច្រកដើម្បីអោយអ្នកថ្មីមកលក់ពីក្រោយ។
ប៉ុន្តែខាងភ្នាក់ងារសន្តិសុខនិងហូតភាស៊ីថា៖ ករណីនេះ ទាក់ទិនការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព។ ហើយ អាជីវកររូបនេះ មិនសហការ ការប៉ះទង្គិចសំដីគ្នានិងការចាក់សម្លេងបំពងឮរំខានគេឯងហួសម៉ោងកំណត់ ។ ហើយបន្ថែមលើនោះ ទីនោះ ជួនជាត្រូវរៀបចំជាច្រកផ្លូវថ្មីបន្ថែមផង ។
លោក ដុំ វណ្ណឌី បានអោយដឹងថា៖ ជាលទ្ធផលនៃការសម្របសម្រួល ដោះស្រាយវិវាទនេះ គឺទី១ ត្រូវបានបើកច្រកផ្លូវ១ទៀត សម្រួលដល់ភ្ញៀវក្នុងការចេញចូល។ ទី២ រកទីតាំងថ្មីជូនអាជីវករចាស់ដែលបាត់បង់កន្លែងលក់ ដែលអាចទទួលយកបាននិងសមស្រប។ ទី៣ បង្កើនការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ សោភ័ណភាព ។ ទី៤ សម្រួល លើកទឹកចិត្តដល់ពលរដ្ឋមកប្រកបរបររកស៊ីលក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងក៏រក្សាតម្លៃ ឱជារសការពារសិទ្ធិអ្នកប្រើប្រាសជាដើម …។
សូមរំលឹកថា វិថីម្លូបអាហារ បានបង្កើតឡើងតាមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោក អ៊ំ រាត្រី អភិបាលខេត្តពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ មក ។
គឺតំណាលគ្នានឹងបង្កើតផ្សារសហគមន៍ផលិតផលខ្មែរ ដែលស្តិតនៅក្បែរនោះ ។
មកទល់ពេលនេះ វិថីម្ហូបអាហារមានជាង៥០តូប ដែលស្ទើរទាំងអស់ជាម្ហូបអាហារ ៕