ដោយៈ ជាសីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា តាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ។
លោកបានថ្លែងថា ខេត្តនេះជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។
ក្នុងឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចេញកាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថាតួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០.០០០ហ.ត អនុវត្តបានចំនួន ២០៩.៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១.៤២៣ត លើសឆ្នាំមុនចំនួន ៣៥.៣៧២ត។ ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០.០០០ ហ.ត អនុវត្តបានចំនួន ១០១.៥១១ហ.ត ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណផលសរុបទចំនួន ៤៩៧.២០១ត តិចជាងឆ្នាំមុន ៦.៦៨៤ត (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។
ចំពោះការនាំចេញ ខេត្តតាកែវមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិត ខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។
គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦.៨៥២តោន ត្រូវបាននាំចេញ។