ដោយ: ពៅនិមល/ភ្នំពេញ: លោកប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា រយៈពេលប្រមាណពីរសប្តាហ៍ចុងក្រោយនេះ តម្លៃជ្រូករស់ និងមាន់ មានការប្រែប្រួលឡើងចុះ ដោយសារតម្រូវការទទួលទានថយចុះ និងជះឥទ្ធិពលពីការរីករាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។
ប្រាប់រស្មីកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ តាមទូរស័ព្ទដៃ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការផ្គត់ផ្គង់ជ្រូក និងមាន់សព្វថ្ងៃនេះមិនមានបញ្ហាធ្ងន់ធ្ងរ ឬខ្វះខាតនោះទេ ទោះបីជាកម្ពុជាប៉ះពាល់ពីជំងឺកូវីដ១៩ក្តី ប៉ុន្តែបញ្ហាត្រង់តម្លៃប្រែប្រួល។ លោកបន្តថា តម្រូវការមាន់ និងជ្រូករស់ បច្ចុប្បន្នក្នុងមួយថ្ងៃៗថយចុះ ធៀបនឹងរយៈពេលមុន ដែលមាន់ពីប្រមាណ១២. ០០០ ក្បាល និងជ្រូកជាង៨ពាន់ក្បាលក្នុងមួយថ្ងៃ។ លោកថា ផលិតកម្មសត្វក្នុងស្រុករងផលប៉ះពាល់ដោយសារការនាំចូលសាច់ និងមួយវិញទៀត ដោយសារអ្នកចិញ្ចឹមមួយចំនួន ខ្វះការពិភាក្សាគ្នា និងមិនបានសិក្សាអំពីតម្លៃលើទីផ្សារ។
លោកប្រធានសមាគមរូបនេះ លើកឡើងបន្តថា “មួយថ្ងៃបើតាមតួលេខ មកទល់ឥឡូវឃើញថាធ្លាក់ចុះបន្តិចដោយសារកូវីដ លើកមុនក្នុងមួយថ្ងៃអស់មាន់១២ម៉ឺនក្បាល ជ្រូកអាចអស់ ៨ពាន់ក្បាល មកដល់ឥឡូវនេះ វាអាចចុះពីនេះបន្តិចតែមិនទាន់ដឹងថាចុះដល់ប៉ុន្មានទេ ខ្ញុំអត់បានស្រង់ស្ថិតិទៀតដោយសារមិនងាយស្រង់ទេ។ តម្លៃវាឡើងដល់១៤.០០០រៀល (ជ្រូក) វាចុះសល់១១.០០០រៀលតែសព្វថ្ងៃនេះអាចដល់១២.០០០រៀលជាងវិញ ឥញ្ចឹងបានថាក្នុងរង្វង់នឹងវាអត់ប៉ះពាល់អីទេដូចជាប្រក្រតី។ យើងឃើញថាមាន់សាច់មានតម្លៃគួរសមតិច ក៏ប៉ុន្តែមាន់បីសាសន៍ធ្លាក់មែនទែន កសិករនៅខាតនៅឡើយ ទីផ្សារដែលខ្លាំងគឺមាន់បីសាសន៍ និងមាន់សាច់ មាន់ចិញ្ចឹមជាង៤០ថ្ងៃ ទីផ្សារវាអាច៥.០០០រៀលជាងក្នុង១គីឡូ ហើយបើមាន់បីសាសន៍អាចពី៦.០០០ ទៅ៧,០០០រៀល។”
គិតមកទល់បច្ចុប្បន្ននេះ កសិករដ្ឋានចិញ្ចឹមមាន់សុរបមានប្រមាណជាង៣.៥០០គ្រួសារ ស្មើនឹងមាន់សរុបជាង ១៦លានក្បាល។ រីឯអ្នកចិញ្ចឹម និងកសិដ្ឋានជ្រូកសរុបចំនួនប្រមាណជាង៨០០ ស្មើនឹងជ្រូកប្រមាណ ១លាន ៣សែនក្បាល៕