ប្រែសម្រួល : កញ្ញាដាលីស/រីយ៉ូ ដឺហ្សានេរ៉ូ ៖ ប្រេស៊ីលបានកត់ត្រាឃើញករណីឆ្លងវីរុសកូរ៉ូណាចំនួនជាង៧០.០០០ ករណីកាលពីថ្ងៃពុធទី១៦ធ្នូដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដោយធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនឡើងលើសពី ៧ លាននាក់ ខណៈរលកទី២នៃមេរោគកំពុងវាយប្រហារប្រទេសអាម៉េរិកខាងត្បូងមួយនេះ។
ប្រេស៊ីលមានករណីផ្ទុះវីរុសអាក្រក់បំផុតជាងគេបំផុតទី២លើពិភពលោកដោយចាញ់តែសហរដ្ឋអាម៉េរិកមួយប៉ុណ្ណោះ និងមានអ្នកស្លាប់ជាង ១៨០.០០០ នាក់ដោយសារវីរុសផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ។ ចំនួនឆ្លងបំបែកឯតទគ្គកម្មកាលពីថ្ងៃពុធកើតឡើងសូម្បីតួលេខឆ្លងប្រចាំថ្ងៃពុំទាន់បានរាយការណ៍ផងទេពីរដ្ឋសៅប៉ូឡូ ដែលមានចំនួនប្រជាជនច្រើនបំផុតនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលនៃរដ្ឋសៅប៉ូឡូបាននិយាយថា ខ្លួនមិនអាចអាប់ឡូតទិន្នន័យបានទេ ដោយសារបញ្ហាបច្ចេកទេស។
បន្ទាប់ពីឈានដល់ចំណុចកំពូលនៅចុងខែកក្កដា ករណីឆ្លងវីរុសកូរ៉ូណានិងការស្លាប់ប្រចាំថ្ងៃនៅប្រេស៊ីលបានធ្លាក់ចុះជាលំដាប់រហូតដល់ដើមខែវិច្ឆិកា។ ប៉ុន្តែកាលពីខែមុនករណីឆ្លងនិងស្លាប់បានកើនឡើងយ៉ាងខ្លាំង។
អ្នកឯកទេសខាងរោគរាតត្បាត ដែលបានពិគ្រោះយោបល់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្តីបន្ទោសរលកទី ២ទៅលើការបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមនិងការថយចុះការប្រើប្រាស់ម៉ាស់ក្នុងចំណោមប្រជាជនប្រេស៊ីល៕