ប្រែសម្រួលៈវាសនា/ផ្លរីដា៖ការចាក់វ៉ាក់សាំងកូវីដ១៩ដំបូងកំពុងត្រូវបានធ្វើឡើងនៅតាមផ្ទះថែទាំមនុស្សចាស់នៅអាម៉េរិក កន្លែងដែលវីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង១១០.០០០នាក់ ប្រហែល១ភាគ៣នៃចំនួនស្លាប់ដោយកូវីដ១៩នៅអាម៉េរិក។
ចំនួនមនុស្សស្លាប់ដោយជំងឺកូវីដ១៩នៅអាម៉េរិកឥឡូវកើនដល់៣០៤.១៨៧នាក់។កាលពីថ្ងៃអង្គារ អាម៉េរិកមានអ្នកជំងឺកូវីដ១៩ស្លាប់៣.១០២នាក់ ដែលជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត និងជាលើកទី៣នៅក្នុងពេល១សប្តាហ៍ដែលចំនួនស្លាប់ឡើងហួស៣ពាន់នាក់ក្នុង១ថ្ងៃ។
អាម៉េរិកនៅថ្ងៃព្រហស្បតិ៍នេះបានពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទៅដល់ក្រុមគ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធទល់នឹងជំងឺឆ្លងដែលបានសម្លាប់ពលរដ្ឋអាម៉េរិកជាង២.៥០០នាក់ក្នុងមួយថ្ងៃ។
នៅពេលពួកគ្រូពេទ្យចាប់ផ្តើមទទួលវ៉ាក់សាំង ពួកសមាជិកសភានៅវិមានកាពីតូល បាននិយាយថាពួកគេជិតឈានដល់កិច្ចព្រមព្រៀងដែលអូសបន្លាយពេលមួយស្តីពីកញ្ចប់ជំនួយសង្គ្រោះសេដ្ឋកិច្ចដែលរងគ្រោះពីកូវីដ១៩តំលៃ៩០០ពាន់លានដុល្លារ ដើម្បីជួយដល់បុគ្គលនិងស្ថាប័នក្រុមហ៊ុន ព្រមទាំងជួយដឹកជញ្ជូនវ៉ាក់សាំងទៅកាន់មនុស្សរាប់លាននាក់។
សូមបញ្ជាក់ថា អាម៉េរិកបាននិងកំពុងបញ្ជូនចេញវ៉ាក់សាំងក្រុមដំបូងចំនួន២,៩លានដូសរបស់ក្រុមហ៊ុន Pfizer / BioNTechទៅកាន់កន្លែងចែកចាយ៦៦នៅទូទាំងប្រទេស។
ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ដែលបាននិយាយថាលោកនឹងចាក់វ៉ាក់សាំងបង្ហាញជាសាធារណៈដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋអាម៉េរិកអំពីសុវត្ថិភាពនៃវ៉ាក់សាំងនេះ ត្រូវរំពឹងថានឹងចាក់វានៅសប្តាហ៍ក្រោយ៕
មនុស្សចាស់នៅមណ្ឌលនៅរដ្ឋផ្លរីដា ទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩កាលពីថ្ងៃពុធ