ដោយៈ សរិទ្ធ / រតនគិរីៈ មន្ត្រីនគរបាលម្នាក់ ដែលកំពុងបំពេញការងារ ឈរបញ្ជាយានយន្ត ឱ្យឈប់ ដើម្បីត្រួតពិនិត្យ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ បានត្រូវ រថយន្តពាកើផ្លាកលេខ ខេមរភូមិន្ទ បុកបណ្តាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ កាលពីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែង ប្រមាណជាង ៣០០ ម៉ែត្រ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគបាល ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ៥៤ឆ្នាំ បានបំពេញការងារ ឈរឃាត់រថយន្ត គ្រប់ប្រភេទ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែឃាត់ប៉ះចំ រថយន្តពណ៌ត្រេអ៊ី ពាក់ស្លាក់លេខ ខ. ម (ខេមរភូមិន្ទ) តែរថយន្តនោះ មិនបន្ថយល្បឿនទេ ហើយថែមទាំងបើក សំដៅមកបុក យ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យមន្ត្រីនគរបាល រងរបួសយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែល បានបន្តថាៈ រថយន្តបង្កហេតុនោះ ម៉ាក MAZDA (ម៉ាស់ដា) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម 02. 2-1215 បើកបរក្នុងទិសដៅ ពីខាងកើត ទៅខាងលិច (ពីខេត្តរតនគិរី ទៅខេត្តស្ទឹងត្រែង)។ បន្ទាប់ពីកើតហេតុភ្លាម រថយន្តបង្កនោះ បានបន្ថែមល្បឿន បើករត់គេច ដោយទុករថយន្តចោល នៅភូមិស្រែប្រវឹក ស ស្ថិតក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ហើយដកសោរត់គេចខ្លួន បាត់ស្រមោលតែម្តង។ កម្លាំងនគរបាល នៃអធិការដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ ស្រុកកូនមុំ បានដេញតាមទាន់ និងស្ទូចយករថយន្តបង្ក មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមនីតិវិធីបន្ត៕/V