Home ព័ត៌មានជាតិ សន្តិសុខ នៅថ្ងៃ១៨ ធ្នូ...

នៅថ្ងៃ១៨ ធ្នូ សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា សុំនៅក្រៅឃុំរបស់សមាជិកក្រុមខ្មែរថាវរៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា បណ្តឹងសុំនៅក្រៅឃុំរបស់ សមាជិកក្រុមខ្មែរថាវរៈ ចំនួនបីនាក់ និងសមាជិកសមាគម និស្សិតបញ្ញវន្តខ្មែរ ចំនួនពីរនាក់ បន្ទាប់ពីស្ថាប័នមួយនេះ បានបើកសវនាការ ជំនុំជម្រះលើបណ្តឹងនេះ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ កន្លងទៅនេះ ដោយអ្នកទាំងប្រាំ មិនមានវត្តមាន ក្នុងសវនាការនេះឡើយ។

សូមជម្រាបថា លោក ថា ឡាវី និងកញ្ញា សូ មេត្តា (ឬកញ្ញា អេង ម៉ាឡៃ) សមាជិកក្រុមខ្មែរថាវរៈ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹង ការចូលរួមការតវ៉ា ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពលេចធ្លោមួយរូប ។

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អនុប្រធានសមាគមនិស្សិត បញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី និងព្រះតេជគុណ កើត សារ៉ាយ ដែលជាសមាជិកខ្មែរថាវរៈដែរនោះ ត្រូវបានចាប់ខ្លួន ដោយសារការរៀបចំ ការជួបជុំ ដោយសន្តិវិធី នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ សមាជិកសមាគមនិស្សិត បញ្ញវន្តខ្មែរ លោក មួង សុភ័ក្ត្រ ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកចូលរួម ក្នុងការតវ៉ាមួយ ។ អ្នកទាំងប្រាំនាក់ ត្រូវបានចោទប្រកាន់ ពីបទញុះញង់ ឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម និងឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ ម.១ និង ម.២ ក្នុង រាជធានីភ្នំពេញ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular