ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅក្នុងពិធីប្រគល់ ទទួល រថយន្តគិលានសង្គ្រោះ (Ambulance) ៥គ្រឿង ដល់មន្ទីរពេទ្យនានាក្នុងខេត្ត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានថ្លែង ដោយដាក់ក្ដីសង្ឃឹមថាៈ រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងបានជាមធ្យោបាយ ដ៏ប្រសើរឡើង សម្រាប់បម្រើការងារ លើផ្នែកសុខាភិបាល កាន់តែមានលទ្ធផលល្អ និងប្រសិទ្ធភាពថែមទៀត ពិសេសជាមធ្យោបាយ ជួយក្នុងការសង្គ្រោះអ្នកជំងឺ និងការងារកិច្ចប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៦ ធ្នូ នេះថាៈ រថយន្តគិលានសង្គ្រោះទាំងនេះ ជាអំណោយរបស់ ក្រសួងសុខាភិបាល ជូនដល់មន្ទីរពេទ្យខេត្ត និងក្រុង-ស្រុក ។ សម្រាប់ខេត្តបន្ទាយមានជ័យ នាពេលនេះ ទទួលបាន ៥ គ្រឿង គឺ ៣ គ្រឿង ម៉ាកតូយ៉ូតា ជាផលិតផលរបស់ជប៉ុន និង ២ គ្រឿងទៀត ជាផលិតផលរបស់ប្រទេសចិន ដោយបែងចែកដល់មន្ទីរពេទ្យ ចំនួន ៥ រួមមានៈ ១.មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី , ២.មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ , ៣.មន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ , ៤.មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត និង ៥.មន្ទីរសុខាភិបាលខេត្ត ។
លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអនុប្រធាន ប្រធានមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ក្រុង ៤ ទៀត ក៏បានចូលរួមក្នុងពិធីប្រគល់ទទួល រថយន្តសង្គ្រោះបន្ទាន់នោះ នាបរិវេណសាលាខេត្ត ៕/V