កម្ពុជា-ថៃ ប្រជុំពិភាក្សាការងារបន្ទាន់ ពាក់ព័ន្ធការបន្ធូរបន្ថយ ក្នុងការឆ្លងកាត់ព្រំដែន

ដោយ ៖ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ លោកមេបញ្ជាការរង កងទ័ពភូមិភាគទី១ ថៃ លោកអភិបាលខេត្តស្រះកែវ លោកមេបញ្ជាការរង យោធភូមិភាគទី៥ កម្ពុជា លោកអភិបាល ខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តបាត់ដំបង បានប្រជុំពិភាក្សាការងារបន្ទាន់ នៅការិយាល័យ នៃច្រកទ្វារព្រំដែនខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ (ថៃ) ទល់មុខច្រកព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង (កម្ពុជា) ។

កិច្ចប្រជុំនេះ ពិភាក្សាការងារ ពិគ្រោះយោបល់ ការបន្អូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ច ក្នុងតំបន់។ កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន មានដូចជាៈ ១.ឱ្យពលរដ្ឋកម្ពុជា ចូលទៅធ្វើការងារ ក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសថៃ។ ២.ឱ្យអាជីវករកម្ពុជា ចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ។ ៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក ។

ក្រោយពីមានតម្រុយពីភាគីកម្ពុជា និងថៃថា នឹងមានការបន្ធូរបន្ថយក្នុងការឆ្លងកាត់ព្រំដែននោះ   មន្ត្រីអាជ្ញាធរនិងជំនាញបាននឹងកំពុងត្រៀមរៀបចំ ការងារត្រួតពិនិត្យអ្នកធ្វើដំណើរ ក៏ដូចភ្ញៀវដែលឆ្លងដែនតាមទ្វារព្រំដែនអន្តរជាតិ ឬច្រកដែលអនុញ្ញាតិអោយអ្នកមានលិខិតឆ្លងដែនឬប៉ាស្ព័ ព្រមលិខិតអនុញ្ញាតិអោយធ្វើដំណើរឆ្លងដែន (ឬហៅប៉ាស្ព័រព៌ណខ្មៅ សម្រាបរ់ពលករ ទៅធ្វើការនៅក្រៅប្រទេស ) អាចធ្វើដំណើរបាន ។

សូមរំលឹកថា កន្លងទៅថ្មីៗនេះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ-១៩  និងមន្ត្រីអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យ វាយតម្លៃ នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ (ច្រកសម្រាប់ការដឹកជញ្ជូនធុនធ្ងន់) នៅក្រុងប៉ោយប៉ែត ទល់មុខនឹងច្រកទ្វារព្រំដែនខ្លងលឹក និងច្រកទ្វារព្រំដែន បានណងអៀន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ របស់ថៃ ដើម្បីត្រៀមរៀបចំ ការងារត្រួតពិនិត្យ ធ្វើដំណើររបស់អ្នកធ្វើដំណើរ នៅពេលខាងមុខ និងជាផ្តល់ការណែនាំ សម្រាប់ការត្រួតពិនិត្យ សុខភាព របស់មន្ត្រីចត្តាឡីស័ក ឲ្យបានល្អប្រសើរ ។

ដោយឡែក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ  ការិយាល័យទំនាក់ទំនាក់ព្រំដែនថៃ កម្ពុជា បានផ្ញើលិខិតលេខ សក ០០១៧.៣/៨៨៨២ បន្ទាន់បំផុត ជូនការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងកម្មវត្ថុ សំណើសុំបើកកិច្ចប្រជុំពិភាក្សា ជាមួយភាគីកម្ពុជា លើការជួយដោះស្រាយ ជូននិយោជក និងជំរុញដំណើរការ សេដ្ឋកិច្ចក្នុងតំបន់៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular