ប្រែសម្រួល : កញ្ញាដាលីស/ ៖ បុគ្គលិកសុខាភិបាលម្នាក់នៅរដ្ឋអាឡាស្កាបានរងប្រតិកម្មអាឡែរស៊ីធ្ងន់ធ្ងរ បន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃអង្គារទី១៥ធ្នូ។ យោងតាមកាសែតញូវយ៉កថែមស៍បានឱ្យដឹងថា ផ្អែកតាមមនុស្ស ៣ នាក់ដែលដឹងច្បាស់ពីសុខភាពរបស់បុគ្គលិកមិនបញ្ចេញអត្តសញ្ញាណរូបនេះរូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីទទួលថ្នាំបង្ការ។ បុគ្គលិក ដែលមិនមានប្រវត្តិអាឡែរស៊ីជាមួយថ្នាំឬប្រភេទនៃអាឡែរស៊ីដទៃទៀតនោះ កំពុងស្ថិតក្នុងមន្ទីរពេទ្យស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់កាលពីព្រឹកថ្ងៃពុធ។
ក្រុមមន្ត្រីជឿថាប្រតិកម្មរបស់បុគ្គលិកពេទ្យម្នាក់នោះចំពោះវ៉ាក់សាំងគឺស្រដៀងនឹងប្រតិកម្មអាណាហ្វីឡាក់ទិក (Anaphylactic) ដែលបុគ្គលិកសុខាភិបាលពីរនាក់នៅក្នុងប្រទេសអង់គ្លេសបានជួបប្រទះបន្ទាប់ពីចាក់វ៉ាក់សាំងដូចគ្នាកាលពីសប្តាហ៍មុន។
ប្រតិកម្មអាណាហ្វីឡាក់ទិកគឺជាព្រឹត្តិការណ៍គំរាមកំហែងដល់អាយុជីវិតដែលទាក់ទងនឹងការដកដង្ហើមខ្សោយនិងការធ្លាក់ចុះសម្ពាធឈាមក្នុងរយៈពេលប៉ុន្មានវិនាទីឬច្រើននាទីបន្ទាប់ពីអាឡែរស៊ី។
បុគ្គលិកទាំងពីរនាក់នៅចក្រភពអង់គ្លេស ដែលបានជាសះស្បើយហើយនោះ ពីមុនមកធ្លាប់មានប្រវត្តិប្រតិកម្មអាឡែរស៊ី។ តាមពិតបុគ្គលិកទាំងពីរនាក់ គឺ ស្ត្រីអាយុ៤៩ឆ្នាំដែលមានប្រវត្តិប្រតិកម្មអាឡែរស៊ីនឹងពងមាន់និងស្ត្រីអាយុ ៤០ ឆ្នាំដែលមានអាឡែរស៊ីទៅនឹងថ្នាំពេទ្យផ្សេងៗគ្នាជាច្រើន ។
បន្ទាប់ពីបុគ្គលិកសុខាភិបាលទាំង ២ នាក់នៅក្នុងប្រទេសអង់គ្លេសបានទទួលរងនូវប្រតិកម្មពីវ៉ាក់សាំងនេះ លោកវេជ្ជបណ្ឌិត ជូន រេន នាយកប្រតិបតិ្តនៃទីភ្នាក់ងារឱសថនិងផលិតផលសុខភាព (MHRA) នៅចក្រភពអង់គ្លេស បានចេញសេចក្តីណែនាំថ្មីទាក់ទងនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។
សេចក្តីថ្លែងការណ៍បានសរសេរថា “ល្ងាចនេះ (ថ្ងៃពុធទី ៩ ខែធ្នូឆ្នាំ ២០២០) យើងបានចេញសេចក្តីណែនាំថ្មីទៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងការពារកូវីដ១៩ អំពីការគ្រប់គ្រងប្រតិកម្មអាណាហ្វីឡាក់ទិក។ អ្នកដែលមានប្រវត្តិប្រតិកម្មអាណាហ្វីឡាក់ទិកចំពោះវ៉ាក់សាំង ថ្នាំ ឬអាហារ មិនគួរទទួលវ៉ាក់សាំងរបស់ Pfizer / BioNTech ទេ។ ដូសទីពីរមិនគួរផ្តល់ឱ្យអ្នកដែលធ្លាប់មានប្រតិកម្មអាណាហ្វីឡាក់ទិកទេ បន្ទាប់ពីទទួលបានវ៉ាក់សាំងនេះម្តងរួចហើយនោះ៕