ប្រែសម្រួល : កញ្ញាដាលីស៖ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃពុធទី១៦ធ្នូបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនប្រេងនិងគីមីនៅវៀតណាមចំពោះការចូលរួមនៅក្នុងប្រតិបត្តិការដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនផលិតផលប្រេងពីប្រទេសអ៊ីរ៉ង់ នេះយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
រដ្ឋមន្ត្រីការបរទេសម៉ៃ ផមផេវ បានសរសេរលើ Twitter ដោយប្រកាសអំពីទណ្ឌកម្មនេះយ៉ាងដូច្នេះ “នៅថ្ងៃនេះ សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៥សម្រាប់ការចូលរួមដោយចេតនាក្នុងការដឹកជញ្ជូនប្រេងអ៊ីរ៉ង់ឬផលិតផលឥន្ធនៈគីមី ដែលប្រាក់ចំណូលទទួលបានត្រូវរបបនេះប្រើប្រាស់ដើម្បីអនុវត្តរបៀបវារៈដ៏សាហាវរបស់ខ្លួន។យើងនឹងមិនរួញរាក្នុងការតាមរកពួកអ្នកដែលប៉ុនប៉ងគេចវេសពីទណ្ឌកម្មនោះឡើយ”។
ទណ្ឌកម្មក៏ត្រូវបានដាក់លើនាយកគ្រប់គ្រងក្រុមហ៊ុនលោក វ៉ូ ង៉ុក ភុង ផងដែរ “សម្រាប់ការបម្រើការជានាយកប្រតិបត្តិក្រុមហ៊ុន”។
ក្រសួងការបរទេសអាម៉េរិកនិយាយថា “ទន្ទឹមគ្នានេះដែរ ក្រសួងរតនាគារកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន ៤ ដោយអនុលោមតាមមាត្រា E.O ១៣៨៤៦ចំពោះការផ្តល់ជំនួយជាសម្ភារៈឬការគាំទ្រដល់ក្រុមហ៊ុន Triliance Petrochemical Co. Ltd. ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនទាំងនោះរួមមាន Donghai International Ship Management Limited និង Petrochem South East Limited ដែលមានមូលដ្ឋាននៅចិន ក៏ដូចជាក្រុមហ៊ុន Alpha Tech Trading FZE និងក្រុមហ៊ុន Petroliance Trading FZEដែលមានមូលដ្ឋាននៅអារ៉ាប់រួមអេមីរ៉ាត”៕
ក្រុមហ៊ុនដឹកប្រេងនិងគីមីនៅវៀតណាមត្រូវបានអាម៉េរិកដាក់ទណ្ឌកម្មចំពោះការធ្វើប្រតិបត្តិការជាមួយអ៊ីរ៉ង់