ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ម៉ាសសម្ដេចតេជោ ចំនួន ៣ លានម៉ាស អំណោយរបស់សម្ដេច តេជោហ៊ុន សែន ដែលផ្ដល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ អាជ្ញាធរ បានចាត់ចែងដល់ថ្នាក់មូលដ្ឋាន ចែកជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ អស់ប្រមាណ ២ លានម៉ាស ហើយចំនួនដែលនៅសេសសល់ អាជ្ញាធរនឹងបន្តសកម្មភាព ចែកបន្ថែមទៀត។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ធ្នូនេះថាៈ អាជ្ញាធរ បាននឹងកំពុងចាត់ចែង ផ្ដល់ម៉ាសជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ បើគិតមកដល់ពេលនេះ ម៉ាសប្រមាណ ២ លានម៉ាសហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ឱ្យទៅអាជ្ញាធរខណ្ឌ ទាំង១៤ សង្កាត់ទាំង ១០៥ កងកម្លាំងប្រដាប់អាវុធផ្សាររដ្ឋ ចំនួន ២៥ ផ្សារ ប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកដំណើរផងដែរ។
អ្នកនាំពាក្យដដែល បានបន្ថែមថាៈ សម្រាប់ម៉ាស ដែលនៅសល់ប្រមាណ ១លានម៉ាសនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តផ្ដល់ទៅខណ្ឌទាំង១៤ និងកងកម្លាំងបន្ថែមទៀត ដើម្បីយក ទៅចែកជូន ដល់ពលរដ្ឋ នៅតាមមូលដ្ឋាន ក៏ដូចជា តាមសហគមន៍ និងអ្នកដំណើរបន្តទៀត ដូចដែលបានធ្វើសកម្មភាព ចែកកន្លងមកនោះ៕PC