វិស័យ​សំណង់ ក្នុង​ខេត្តកំពត នៅតែ​ដំណើរ​ការល្អ ទោះ​វិបត្តិ​កូ​វីដ ១៩ កើតមាន​ជា​សាកល​ក្តី

ដោយៈ បូកគោ / កំ​ពតៈ វិស័យ​សំណង់​ក្នុង​ខេត្តកំពត មាន​សកម្ម​ភាពជា​ប្រក្រតី ទោះ​វិបត្តិ កូ​វីដ ១៩ បាន​បន្ត​កើតឡើង ជា​សាកល នៅ​ទូទាំង​ពិភពលោក​ក្តី​។ រយៈពេល ១១​ខែ នៃ​ឆ្នាំ​២០២០ ការដ្ឋាន​សំណង់​ជិត ៣០០ កន្លែង បាន​ដំណើរ​ដោយ​ឥត​រាំងស្ទះ ហើយ​មាន បរិមាណ​កើនឡើង ១០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

​លោក ស៊ឹម សុខ​ជា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តកំពត បាន​បញ្ជាក់ថា ទោះបី​ស្ថិតក្នុង​ដំណាក់កាល កូ​វីដ​១៩​ក៏ដោយ វិស័យ​សំណង់ នៅ​ខេត្តកំពត កំពុងមាន​សកម្មភាព រស់​រវើក​ដោយ ឥត​ជាប់គាំង ឬ​បិទ​ការដ្ឋាន​ណាមួយ នោះឡើយ​។ ផ្អែក​តាម​របាយការណ៍ ទិន្នន័យ​សំណង់ រយៈពេល​១១​ខែ នៃ​ឆ្នាំ​២០២០ សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ បានផ្តល់​លិខិតអនុញ្ញាត​សាងសង់ នៅ​ទូទាំង​ខេត្ត មាន​ចំនួន ២៧០ ការដ្ឋាន លើ​ទំហំ​ផ្ទៃដី​ជាង ៩​ម៉ឺន​ម៉ែត្រក្រឡា ដោយ​តម្លៃ​វិនិយោគ ជិត ៣៣ លាន​ដុល្លារ​។​

​លោក​អនុប្រធាន​មន្ទីរ បាន​បន្តថា ក្នុងចំណោម​នោះ គឺ​ស្ថិត​លើ​សមត្ថកិច្ច​រដ្ឋបាល​ក្រុង​ស្រុក ចំនួន ២៣៨ ការដ្ឋាន រដ្ឋបាលខេត្ត ១៨ ការដ្ឋាន និង​ក្រសួង ១៤ ការដ្ឋាន​។ កាលពី​ឆ្នាំ​២០១៩ គិត​ក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​ខេត្ត មាន​ការដ្ឋាន​សំណង់ ចំនួន ២៤៦ កន្លែង លើ​ផ្ទៃដី សរុប​ជិត ៨ ម៉ឺន​ម៉ែត្រក្រឡា ក្នុងតម្លៃ​វិនិយោគ ជាង ២៩ លាន​ដុល្លារ​។​

​ជាមួយគ្នានេះ លោក ស៊ឹម សុខ​ជា បាន​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ ក៏បាន​ផ្អាក​ការដ្ឋាន ចំនួន ១៣ កន្លែង ដោយសារ​ការសាងសង់ មិន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស ដូចជា​សង់​លើស ចំនួន​ជាន់ និង​ដំណើរការ មុន​ចេញ​លិខិតអនុញ្ញាត ជាដើម ។ ដោយឡែក នៅមាន​សំណង់ គ្មាន​ច្បាប់​អនុញ្ញាត​មួយចំនួន ដែល​ភាគច្រើន មាន​ទំហំ​ផ្ទៃដី​ក្រោម មួយ​ពាន់​ម៉ែត្រក្រឡា កំពុងដំណើរការ​ផងដែរ ពោល​គឺជា​ប្រភេទ​លំនៅស្ថាន​របស់ ប្រជាពលរដ្ឋ តាម​ជាយក្រុង និង​តំបន់​ដាច់ស្រយាល​នោះ​។​

​តាមរយៈ​នេះ លោក​អនុប្រធាន​មន្ទីរ បាន​ផ្តាំផ្ញើ​ថា ដើម្បី​រក្សា​ប្រយោជន៍ និង​សុវត្ថិភាព ពិសេស​ក្នុង​បំណង​លម្អ​សោភ័ណភាព គុណភាព​សំណង់ និង​ផាសុកភាព ម្ចាស់​សំណង់ ត្រូវ​ស្វែងរក​ក្រុមហ៊ុន វិស្វករ ស្ថាបត្យករ ក៏ដូចជា​សិក្សា​គម្រោង​ប្លង់ ឱ្យបាន​ច្បាស់លាស់ មុននឹង​សាងសង់​។ លើសពីនោះ ត្រូវមាន​លិខិតអនុញ្ញាត សាងសង់ លិខិត​បើក​ការដ្ឋាន ហើយ​មាន​វិស្វករ ប្រចាំ​ការដ្ឋាន នៅពេល​សាងសង់ ព្រមទាំង​មាន​លិខិត​បិទ​ការដ្ឋាន បញ្ជាក់​ពី​ភាពត្រឹមត្រូវ ពេល​សាងសង់​រួចរាល់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular