Home ព័ត៌មានជាតិ សង្គម សម្តេច​ភក្តី ...

សម្តេច​ភក្តី សាយ ឈុំ និង​សម្តេច​ចក្រី ហេង សំរិន ដង្ហែរ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ ស្តេចយាង​សម្ពោធ​អគារ​ពុទ្ធិកវិទ្យាល័យ​ជម្ពូ​វ័ន​សែន​ជ័យ និង​សមិទ្ធផល​នានា​នៅ​វត្ត​ជម្ពូ​វ័ន​

​ដោយៈ​សុផល​/​ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ បាន​អញ្ជើញ​ដង្ហែរ​ព្រះរាជដំណើរ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ព្រះ​រាជពិធី​សម្ពោធ​អគារ​ពុទ្ធិកវិទ្យាល័យ​ជម្ពូ​វ័ន​សែន​ជ័យ និង​សមិទ្ធផល​នានា នៅ​វត្ត​ជម្ពូ​វ័ន ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​សំណេះសំណាល និង​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ប្រគេន​-​ជូន ព្រះ​មន្ត្រី​សង្ឃ និង​ស្បុរ​សជន​ផងដែរ​។​

​ព្រះករុណា​ព្រះមហាក្សត្រ​ជា​អម្ចាស់​តម្កល់​ត្បូង បាន​យាង​កាត់​ខ្សែបូរ​សម្ពោធ​អគារ​ពុទ្ធិកវិទ្យាល័យ​ជម្ពូ​វ័ន​សែន​ជ័យ និង​សមិទ្ធផល​នានា ព្រមទាំង​ថ្វាយ​-​ប្រគេន​ទេយ្យទាន ចតុប្បច្ច័យ និង​ចង្ហាន់​ដល់​ព្រះសង្ឃ​។​

​អគារសិក្សា​ពុទ្ធិកវិទ្យាល័យ​ជម្ពូ​វ័ន​សែន​ជ័យ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងឱកាស​នាពេលនេះ គឺមាន​ទំហំ​៩​ម​x៣៧​ម កម្ពស់​៣​ជាន់​មាន​៨​បន្ទាប់ នឹង​ចាប់​ផ្ដើមកសាង​ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​

​សមិទ្ធផល​ដែល​បាន​សម្ពោធ​នាឱកាស​នេះ ជា​ស្រែបុណ្យ​និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស រួមចំណែក​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​ចក្រ​និង​អាណ​ចក្រ ឲ្យ​កាន់តែ​រុងរឿង​ថ្កុំ​ថ្កើ​ន​ជា​ដរាប​ទៅ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular