ដោយ: បូកគោ / កែប: សមត្ថកិច្ចនគរបាលជំនាញៃស្នងការដ្ឋានខេត្តកែប កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឃាត់រថយន្ត៤គ្រឿង រួចតម្រូវឱ្យម្ចាស់បញ្ឈប់ការផ្ទុកទំនិញសំពីងសំពោង គ្មានសណ្តាប់ធ្នាប់តទៅទៀត។
ការអនុវត្តវិធានការបែបក្តៅនេះបានធ្វើឡើងខណៈពេលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកកំពុងអនុវត្តច្បាប់នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងទឹកដីភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៧ ខែធ្នូ កម្លាំងការិយាល័យគរបាលចរាចរណ៍បានឃាត់រថយន្ត៤គ្រឿងព្រោះតែដឹកទំនិញសំពីងសំពោងគ្មានសណ្តាប់ធ្នាប់។ ក្រោយចាប់ឃាត់ភ្លាមៗ សមត្ថកិច្ចក៏បាននាំយករថយន្តទាំងនោះមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែបដើម្បីអប់រំ និងធ្វើកិច្ចសន្យាតម្រូវឱ្យម្ចាស់បញ្ឈប់ការផ្ទុកទំនិញសំពីងសំពោងតទៅទៀត។
ជាមួយនោះ ក៏មានការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា តាមរយៈការធ្វើកោសលវិច័យ មន្ត្រីជំនាញបានរកឃើញថាក្នុងចំណោមអ្នកបើកបរថយន្តទាំងនោះ ម្នាក់មានជាប់សារធាតុញៀន។ ដូច្នេះ សមត្ថកិច្ចក៏បានចាត់ការតាមនីតិវិធីបន្ត៕